កាលពីពេលថ្មីនេះ មន្ទីរសុខភាពសាធារណៈ របស់ចក្រភពអង់គ្លេស បានធ្វើសេចក្តីរាយការណ៍ថា អត្រានៃការកើតជំងឺទឹកនោមផ្អែម បានកើនឡើងលំដាប់សម្រាប់ ជនជាតិអង់គ្លេសក្នុងបរិមាណជិត ៤ លាននាក់ ដោយភាគច្រើនកើតចំពោះក្មេងជំទង់ ចាប់ពីអាយុ ១៦ ឆ្នាំ ឡើងទៅ។
មិនត្រឹមតែនៅក្នុង ចក្រភពអង់គ្លេសប៉ុណ្ណោះទេ នៅតាមបណ្តាប្រទេសមួយចំនួន នៅទូទាំងពិភពលោក ក៏មានការកើនឡើងនៃ អត្រាអ្នកកើតជំងឺទឹកនោមផ្អែម រហូតដល់ ជាង ៣៨២លាននាក់ ដោយនេះគឺជាបញ្ហាចំបងមួយ ដែលមនុស្សរាល់គ្នាគួរតែស្វែងយល់ ដើម្បីកាត់បន្ថយអត្រានៃការកើតជំងឺនេះ។ ចុះ តើអ្នកដឹងទេថា អ្វីទៅជាជំងឺទឹកនោមផ្អែម? តើវាអាចកើតឡើងដោយរបៀបណា? តើគួរមានវិធីអ្វីខ្លះដើម្បីជៀសវាង កើតជំងឺទឹកនោមផ្អែម?
យោងទៅតាមគេហទំព័រសុខភាព Medicalnewstoday បានឲ្យដឹងថា ជំងឺទឹកនោមផ្អែម គឺជាប្រភេទជំងឺខូចប្រព័ន្ធរំលាយអាហារ ដែលអាចបណ្តាលឲ្យ មនុស្សមានសារជាតិគ្លុយកូស(ស្ករ)ខ្ពស់នៅក្នុងឈាម ឬអាចមកពីការផលិតជាតិអាំងស៊ុយលីន មិនគ្រប់គ្រាន់នៅក្នុងសារពាង្គកាយ។ ម្យ៉ាងវិញទៀត អ្នកជំងឺដែលមានជាតិស្ករ ខ្ពស់នៅក្នុងឈាម តែងតែមានអាការៈនោមច្រើន ហើយតែងតែមានអារម្មណ៍ថាស្រែកទឹក និង ឃ្លានជាញឹកញាប់។
ក្រុមវេជ្ជបណ្ឌិតភាគច្រើនបាននិយាយថា ជំងឺទឹកនោមផ្អែមគឺជាជំងឺរុំារ៉ៃ ដែលធ្វើឲ្យឈាមមានកំរិតជាស្ករខ្ពស់។ ជាក់ស្តែង ជំងឺទឹកនោមផ្អែមចែកចេញជា ២ ប្រភេទ ដូចជា ប្រភេទទី១ និងទី២ ដែលប្រភេទនីមួយៗមាន លក្ខណៈខុសគ្នាដូចតទៅ៖
១. ជំងឺទឹកនោមផ្អែមប្រភេទទី១
ជំងឺទឹកនោមផ្អែមប្រភេទទី១ ត្រូវបានកើតឡើង ដោយសារសារពាង្គកាយរបស់មនុស្ស ផលិតជាតិអាំងស៊ុយលីនមិនគ្រប់គ្រាន់ ដែលជំងឺប្រភេទនេះភាគច្រើនកើតលើ មនុស្សវ័យចំណាស់អាយុ ៤០ ឆ្នាំឡើង ឬក៏អាចកើតលើក្មេងជំទង់បានដែរ។ អ្នកជំងឺជំងឺទឹកនោមផ្អែមប្រភេទទី១ ដាច់ខាតត្រូវតែចាក់ថ្នាំអាំងស៊ុយលីន ពេញមួយជីវិត។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេត្រូវមានរបបអាហារត្រឹមត្រូវបំផុត ដើម្បីឲ្យកំរិតជាតិស្ករ នៅក្នុងឈាមមានអាការៈប្រក្រតី ពីព្រោះថា ប្រសិនបើកំរិតជាតិស្ករនៅក្នុងឈាម មានសភាពឡើងឬចុះ នោះអ្នកជំងឺនឹងមានអាការៈខ្សោយយ៉ាងខ្លាំង អាចរហូតដល់សន្លប់បាត់បង់ស្មារតី។
២. ជំងឺទឹកនោមផ្អែមប្រភេទទី២
ជំងឺទឹកនោមផ្អែមប្រភេទទី២ ត្រូវបានកើតឡើងដោយសារ សារពាង្គកាយរបស់មនុស្ស មិនផលិតជាតិអាំងស៊ុយលីន ឲ្យបានគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់សរីរាង្គ ឬ កោសិការបស់សរីរាង្គលែង មានប្រតិកម្មជាមួយនឹង ជាតិអាំងស៊ុយលីន។ ក្រុមអ្នកស្រាវជ្រាវខាង វេជ្ជសាស្រ្តបាននិយាយថា អ្នកជំងឺទឹកនោមផ្អែមប្រហែល ៩០% ទូទាំងពិភពលោក មានជំងឺទឹកនោមផ្អែមប្រភេទទី២ ដោយវាបណ្តាលឲ្យអ្នកជំងឺស្រកគីឡូ មិនត្រឹមតែប៉ុណ្ណោះ អ្នកជំងឺ ត្រូវកំណត់ការទទួលទាន ធ្វើលំហាត់ប្រាណឲ្យបានទៀតទាត់ ជាពិសេសត្រូវតាមដានកំរិត ជាតិស្ករនៅក្នុងឈាមជាប្រចាំ។
មួយវិញទៀត ជំងឺទឹកនោមផ្អែមប្រភេទទី២ គឺជាជំងឺរុំារ៉ៃ ដែលបណ្តាលអ្នកជំងឺ មានអាការៈកាន់តែខ្សោយទៅៗ និង អាចបណ្តាលឲ្យកើតមានបញ្ហាសរីរាង្គមួយចំនួន ដូចជាការខ្សោយក្រលៀនជាដើម។ ហើយអ្នកដែលមានឪកាស ក្នុងការកើតជំងឺប្រភេទនេះ ច្រើនជាងគេនោះគឺ អ្នកដែលមានជាតិកូលេស្ត្រូរ៉ល នៅក្នុងខ្លួនច្រើនឬ អ្នកធាត់។
អាការៈរបស់ជំងឺទឹកនោមផ្អែម
សម្រាប់អាការៈរបស់ អ្នកកើតជំងឺទឹកនោមផ្អែម គឺមានលក្ខណៈសាមញ្ញបំផុត ដែលនៅក្នុងនោះរួមមាន៖
-អ្នកជំងឺទឹកនោមផ្អែមតែងតែ មានអាការៈនោមញឹក ។ ការនោមញឹកគឺបណ្តាលមកពី ឈាមមានកំរិតជាស្ករខ្ពស់ ហើយនៅពេលដែលសារជាតិ អាំងស៊ុយលីនមិនបានផលិត គ្រប់គ្រាន់សម្រាប់ទៅផ្គត់ផ្គង់ក្រលៀន ក្រលៀនក៏ស្រូបយកសារជាតិទឹកពីឈាម ដើម្បីទៅបំពេញនៅប្លោកនោម។
-អ្នកជំងឺតែងតែមានអារម្មណ៍ស្រែកទឹក។ នៅពេលដែលអ្នកនោមច្រើន អ្នកក៏ត្រូវបាត់បង់ជាតិទឹកច្រើន ហេតុដូច្នេះហើយ អ្នកត្រូវការទឹកច្រើនជាងធម្មតា។
-អ្នកជំងឺតែងមានអារម្មណ៍ឃ្លានខ្លាំង។ នៅពេលដែលជាតិអាំងស៊ុយលីន នៅក្នុងឈាមធ្វើការមិនប្រក្រតី កោសិការបស់អ្នកនឹងខ្វះថាមពល ហេតុដូច្នេះហើយទើប ធ្វើឲ្យមានអារម្មណ៍ឃ្លាន។
-អ្នកជំងឺមានបញ្ហាស្រកគីឡូ។
-ធ្វើឲ្យអ្នកជំងឺខ្សោយ អស់កម្លាំងល្ហិតល្ហៃ
-អ្នកជំងឺងាយនឹងមានអារម្មណ៍ឆេវឆាវ
-ភ្នែកក៏ចាប់ផ្តើមស្រវាំងបន្តិចម្តងៗ
-អ្នកជំងឺងាយនឹងមាន របួសរលាត់ស្បែកឬស្នាមជាំ ហើយពិបាកក្នុងការ សះស្បើយឡើងវិញ
-មានអាការៈរមាស់ស្បែក និងហើមអញ្ចាញ
ផលវិបាកមួយចំនួនពីការកើតជំងឺទឹកនោមផ្អែម
ខាងក្រោមនេះផលវិបាក មួយចំនួនដែលបានបង្កឡើង ដោយជំងឺទឹកនោមផ្អែម៖
-បញ្ហាភ្នែកៈ ធ្វើឲ្យទឹកដក់ក្នុងភ្នែក ,ភ្នែកឡើងបាយ, ស្រវាំងភ្នែកជាដើម
-បញ្ហាជើងៈ បង្កឲ្យមានជម្ងឺសរសៃ និងសន្លាក់, ងាយនឹងមានដំបៅ, ហើយដំបៅ
ងាយនឹងរលួយ ដែលអាចទាមទារ ឱ្យជើងត្រូវបានកាត់ចោល
-បញ្ហាស្បែកៈ អ្នកជំងឺទឹកនោមផ្អែមភាគច្រើនងាយនឹងឆ្លងមេរោគលើស្បែកនិងជំងឺស្បែក
-បញ្ហាបេះដូងៈ អាចបង្កឲ្យមានជំងឺបេះដូង ថែមទាំងមានសម្ពាធឈាមទាប នៅពេលដែលការផ្គត់ផ្គង់ឈាម ទៅឱ្យសាច់ដុំបេះដូងត្រូវបានថយចុះ
-លើសឈាមៈ ជាទូទៅអ្នកជំងឺទឹកនោមផ្អែម ដែលអាចបង្កើនហានិភ័យខ្ពស់ នៃជំងឺតម្រងនោម បញ្ហាអំពីភ្នែក, ការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល
-សុខភាពផ្លូវចិត្តៈ ជំងឺទឹកនោមផ្អែមងាយនឹងទទួលរង ពីជំងឺធ្លាក់ទឹកចិត្ត, ថប់បារម្ភនិងជំងឺផ្លូវចិត្ត មួយចំនួនផ្សេងទៀត
-ជំងឺអញ្ចាញធ្មេញៈ អ្នកជំងឺតែងមានបញ្ហា ផ្នែកអញ្ចាញធ្មេញ
-បញ្ហារំលាយអាហារៈ សាច់ដុំ ក្រពះមានដំណើរការខុសប្រក្រតី
-បញ្ហាប្រព័ន្ធឈាមៈ អាស៊ីតនៅក្នុងឈាមមានការកើនឡើង ដែលងាយនឹងបំផ្លាញ ឈាមក្រហមនៅក្នុងរាងកាយ
-ជម្ងឺសរសៃប្រសាទៈ ជំងឺទឹកនោមផ្អែមក៏អាចបណ្តាលឲ្យ មានជម្ងឺសរសៃប្រសាទផងដែរ
-ទឹកនោមៈ នៅពេលដែល មិនអាចគ្រប់គ្រងសម្ពាធឈាម បានត្រឹមត្រូវ វាអាចនាំអោយមានជំងឺតម្រងនោម
-ជំងឺស្ពឹកជើងៈ ការឈឺចាប់នៅក្នុងជើង, នឹងស្ពឹកជើងញឹកញាប់
-ជំងឺដាច់សរសៃឈាមខួរក្បាលៈ ប្រសិនបើមានសម្ពាធឈាមខ្ពស់, កម្រិតកូឡេស្តេរ៉ុលនិងជាតិស្ករ ក្នុងឈាមមិនអាចគ្រប់គ្រងបាន, ហានិភ័យនៃការកើនឡើងជំងឺ ដាច់សរសៃឈាមខួរក្បាលបានកើតឡើង
-ជំងឺលិង្គងាប់ៈ លិង្គរបស់បុរសលែងមាន អារម្មណ៍ក្នុងការរួមភេទ
-ការឆ្លងមេរោគៈ អ្នកជំងឺទឹកនោមផ្អែម ងាយនឹងឆ្លងមេរោគផ្សេងៗ ហើយតែងតែមានអាការៈធ្ងន់ធ្ងរខ្លាំង
-ការព្យាបាលរបួសៈ ដំបៅក្លាយ ដោយត្រូវចំណាយ ពេលយូរដើម្បីជាសះស្បើយ។
សូមជំរាបថា គ្រប់ប្រភេទនៃជំងឺទឹកនោមផ្អែម សុទ្ធតែអាចព្យាបាលបាន តែមិនអាចព្យាបាលឲ្យជាសះស្បើយ ១០០ ភាគរយនោះទេ ផ្ទុយទៅវិញវាគឺជាជំងឺរុំារ៉ៃ ដែលកើតឡើងក្នុងមួយជីវិតមនុស្ស។
ទោះបីជាយ៉ាងណាក្តី អ្នកជំងឺទឹកនោមផ្អែមអាច កាត់បន្ថយអាការៈនៃ ការកើតផលវិបាកផ្សេងៗនៃជំងឺនេះ ដោយពុំចាំបាច់លេបថ្នាំក៏បានដែរ។ ជាក់ស្តែង អ្នកជំងឺត្រូវហាត់ប្រាណ ជាប្រចាំដើម្បីឲ្យចេញញើស និងជាតិពុលចេញពីខ្លួន កំណត់របបអាហារ និងទទួលទានឲ្យបានទៀងពេល ព្រមទាំង គ្រប់គ្រងទំងន់របស់ខ្លួនឲ្យបានល្អ ដែលសកម្មភាពទាំងនេះ អាចធ្វើឲ្យកំរិតជាតិស្ករ នៅក្នុងឈាមមានសភាពនឹងនរ និងមិនបណ្តាលឲ្យអ្នកជំងឺ ទទួលរងនៃការកើតអាការៈផ្សេងទៀត នៃជំងឺដូចដែលបានរៀបរាប់ នៅក្នុងផលវិបាកខាងលើ។