Event

ក្រុមហ៊ុន TADA សម្រេចឈប់យកថ្លៃប្រើប្រាស់ប្រព័ន្ធទាំងស្រុង ពីដៃគូបើកបរ ដើម្បីលើកកម្ពស់ប្រាក់ចំណូលក្នុងអំឡុងពេលមានវិបត្តិ

ភ្នំពេញ៖ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្រុមហ៊ុន TADA បានបញ្ចប់ការយកថ្លៃសេវាប្រើប្រាស់ប្រព័ន្ធទាំងស្រុងពីអ្នកបើកបរ ពោលគឺដៃគូបើកបរដឹកអ្នកដំណើរពុំចាំបាច់ត្រូវបង់ថ្លៃប្រើប្រាស់ប្រព័ន្ធក្នុងអែបTADAទៀតនោះទេ។ គំនិតផ្ដួចផ្ដើមនេះ គឺស្របតាមចក្ខុវិស័យស្នូលរបស់ TADA ដើម្បីលើកកម្ពស់ជីវភាពដៃគូបើកបរ និងឆ្លើយតបទៅនឹងការកើនឡើងថ្លៃប្រេងឥន្ធនៈ និងហ្គាសនៅទូទាំងពិភពលោក ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ប្រាក់ចំណូលរបស់ដៃគូបើកបរ។

ដោយហេតុថា ក្រុមហ៊ុនមិនចង់ដាក់បន្ទុកនេះទៅកាន់អតិថិជនដែលជាអ្នកធ្វើដំណើរប្រចាំថ្ងៃ ការបញ្ចប់យកថ្លៃសេវាប្រើប្រាស់ប្រព័ន្ធទាំងស្រុងពីដៃគូបើកបរគឺជាជម្រើសដ៏ល្អបំផុតដើម្បីសម្រួលទាំងបងៗដៃគូបើកបរ និងអតិថិជនជាអ្នកធ្វើដំណើរ ពោលគឺក្រុមហ៊ុនជាអ្នករ៉ាប់រងលើថ្លៃខាតបង់នេះ។

គួរបញ្ជាក់ផងដែរថា TADA ជាប្រតិបត្តិករកម្មវិធីកក់ហៅការធ្វើដំណើរតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមិនគិតកម្រៃជើងសារពីដៃគូបើកបរ។ ឧទាហរណ៍ បើថ្លៃធ្វេីដំណើរក្នុងមួយជើងតម្លៃ ៦000 រៀល ក្រុមហ៊ុនមិនគិតកម្រៃជើងសារជាភាគរយពីដៃគូបើកបរនោះទេ ពោលគឺដៃគូបើកបរត្រឹមតែបង់ថ្លៃប្រើប្រាស់ប្រព័ន្ធ ដែលមានតម្លៃទាបស្មើនឹង ៣០០៛ ឬ៤០០៛ ប៉ុណ្ណោះ ខណៈក្នុងទីផ្សារគឺមានការកាត់កម្រៃជើងសារចាប់ពី ១៥% រហូតដល់ ៣០% ដែលជាបន្ទុកមួយដ៏ធ្ងន់សម្រាប់ដៃគូបើកបរ។ បច្ចុប្បន្ននេះ សូម្បីតែថ្លៃប្រើប្រាស់ប្រព័ន្ធនេះ ក៏បានក្លាយជាកាតព្វកិច្ចចំណាយរបស់ក្រុមហ៊ុនផ្ទាល់ដែរ។

ការបញ្ចប់ការយកថ្លៃប្រព័ន្ធទាំងស្រុងនេះមានន័យថា ក្នុងការធ្វើដំណើរ ៦០០០រៀល ដៃគូបើកបរនឹងទទួលបានទឹកប្រាក់ ៦០០០រៀលពេញលេញតែម្តង។ រហូតមកទល់ពេលនេះ មិនមានប្រតិបត្តិករផ្សេងទៀតក្នុងប្រទេសកម្ពុជាបានចាប់ផ្តើមគំនិតផ្តួចផ្តើមនេះទេ។

លោក ទី លីមកុសល អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន TADA ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៌ថា “TADA ក្នុងនាមជាប្រតិបត្តិករកម្មវិធីកក់ហៅការធ្វើដំណើរ ពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពសេដ្ឋកិច្ចរបស់ដៃគូបើកបរ ក្នុងអំឡុងពេលវិបត្តិឥន្ធនៈសកលនេះ ដែលបណ្តាលអោយតម្លៃឧស្ម័នហ្គាស LPG និងប្រេងសាំងនៅតែមានតម្លៃខ្ពស់នៅឡើយ។ យើងខ្ញុំសង្ឃឹមថា ការបញ្ចប់ការយកថ្លៃប្រើប្រាស់ប្រព័ន្ធ នឹងផ្ដល់ជាចំណូលបន្ថែមសម្រាប់បងៗជាដៃគូបើកបរទាំងអស់ មិនថាកង់បី ម៉ូតូ ឬរថយន្ត។ ទោះជាយ៉ាងណាក្តី គំនិតផ្ដួចផ្ដើមនេះគឺមិនគ្រប់គ្រាន់ឡើយ ប្រសិនបើគ្មានការចូលរួមបន្ថែមទៀតពីបងប្អូនប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ជីវភាពដៃគូបើកបរក្នុងប្រទេសកម្ពុជាយើង តាមរយៈការប្រើប្រាស់សេវាកម្ម TADA ដែលមិនគិតទាំងកម្រៃជើងសារ និងថ្លៃប្រេីប្រាស់ប្រព័ន្ធពីអ្នកបើកបរ។ ចូលរួមជិះ TADA ទាំងអស់គ្នា ដើម្បីជួយជីវភាពអ្នកបើកបរយើងទាំងអស់គ្នា!”
គួរបញ្ជាក់ផងដែរថា ការមិនគិតថ្លៃប្រើប្រាស់ប្រព័ន្ធពីដៃគូបើកបរនេះ បានធ្វើឡើងតាំងពីថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៦ មកម្លេះ។

TADA គឺជាកម្មវិធីកក់ហៅយានជំនិះធ្វើដំណើរ ដែលមិនគិតកម្រៃជើងសារដំបូងបង្អស់នៅកម្ពុជា។ មានដើមកំណើតមកពីសឹង្ហបុរី TADA បានចូលមកក្នុងទីផ្សារកម្ពុជាក្នុងឆ្នាំ ២០១៩ ហើយក្រោយមកបានពង្រីកទៅកាន់ទីផ្សារផ្សេងៗទៀតដូចជាប្រទេសវៀតណាម ហុងកុង ថៃ និងសហរដ្ឋអាមេរិក ជាមួយនឹងការបើកដំណើរការនាពេលថ្មីៗនេះនៅក្នុងរដ្ឋ Colorado និង New York ។ នៅក្នុងប្រទេសកម្ពុជា TADA មានបម្រើសេវាកម្មនៅទីរួមខេត្ត-រាជធានីសំខាន់ៗចំនួនប្រាំពីរ រួមមាន ភ្នំពេញ សៀមរាប ព្រះសីហនុ កំពត កែប ប៉ោយប៉ែត និងបាត់ដំបង និងមានយានជំនិះចំនួន ៧ ប្រភេទ រួមមាន ម៉ូតូតាក់សុី កង់បីធម្មតា កងបីខ្នាតធំ កង់បីអគ្គិសនី ឡាន ឡានអគ្គិសនី និងរុឺម៉ក៕

Most Popular

To Top