កីឡា

លោក អ៊ុក សិទ្ធិជាតិ ៖ការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ធ្វើឡើងដើម្បីវាស់ស្ទង់សមត្ថភាព

ភ្នំពេញ៖ នាថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ០២២ ព្រឹត្តិការណ៍ការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១រយៈពេល៥ថ្ងៃ ១៤ដល់១៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅស្តាតចាស់ដើម្បីជ្រើសរើស ក្រុមអត្តពលិកឆ្នើមសម្រាប់ត្រៀមខ្លួន ការប្រកួតកីឡា SEA GAMES ២០២១ លើកទី៣១ នៅប្រទេសវៀតណាម និងការប្រកួតកីឡា SEA GAMES ២០២៣ លើកទី៣២ នៅប្រទេសកម្ពុជាយើង បានបញ្ចប់ជាផ្លូវការហើយ ដោយមានការផ្សាយផ្ទាល់ ពីស្ថានីយទូរទស្សន៍TV5 ។

ក្នុងឱកាសពិធីបិទការប្រកួតនេះ ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាយតំណាងឲ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ ទីប្រឹក្សាជាន់ខ្ពស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តំណាងលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក ហួង តារាមុនី អគ្គនាយក TV5។ 

លោក តែម ម៉ឺន បានមានប្រសាសន៍ថា ការប្រកួតនេះធ្វើឡើង ដើម្បីវាស់ស្ទង់សមត្ថភាពកីឡាករ-កីឡាការិនី លើផ្នែកបច្ចេកទេស ផ្នែកកម្លាំងកាយ បទពិសោធន៍ និងដើម្បីជ្រើសរើសកីឡាករល្អៗ សម្រាប់ប្រមូលផ្តុំជាក្រុមជម្រើសជាតិ ហ្វឹកហាត់ត្រៀមលក្ខណៈសម្បត្តិឲ្យគ្រប់គ្រាន់ ទៅចូលរួមប្រកួតកីឡា SEA GAMES លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាមមុខ និងត្រៀមប្រកួតកីឡាSEA GAMES លើកទី៣២ នៅឆ្នាំ២០២៣ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏ធំ ដែលព្រះរាជាណាចក្រកម្ពុជាយើង ធ្វើជាម្ចាស់ផ្ទះ។ បច្ចុប្បន្ននេះវិស័យកីឡា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ជាពិសេសកីឡាប្រដាល់គុនខ្មែរមានសហព័ន្ធ បានខិតខំប្រឹងប្រែងបណ្តុះបណ្តាល និងអភិវឌ្ឍន៍កីឡាកររហូតទទួលបាន លទ្ធផលជាប្រវត្តិសាស្រ្តលើកដំបូងរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។ 

លោក អ៊ុក សិទ្ធិជាតិ បានមានប្រសាសន៍ថា ការប្រកួតនេះធ្វើឡើង ដើម្បីវាស់ស្ទង់សមត្ថភាពកីឡាករ-កីឡាការិនី លើផ្នែកបច្ចេកទេស ផ្នែកកម្លាំងកាយ បទពិសោធន៍ និងដើម្បីជ្រើសរើសកីឡាករល្អៗ ហើយបច្ចុប្បន្ននេះ វិស័យកីឡាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយទទួលបាននូវការចាប់អារម្មណ៍ ចូលរួមគាំទ្រយ៉ាងច្រើនពីយុវជន ហើយលទ្ធផលនៃការប្រកួត ជាលក្ខណៈអន្តរជាតិមានការប្រែប្រួលជាវិជ្ជមាន ទទួលបានការអបអរសាទរពីមហាជន រហូតដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។ បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាពពេញលេញ ស្ថេរភាពនយោបាយ សេដ្ឋកិច្ចជាតិមានការរីកចម្រើន បានធ្វើឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាត់ទុកថា ការងារអប់រំកាយ និងកីឡា បានដើរតួនាទីយ៉ាងសំខាន់ និងជាយានក្នុងការអភិវឌ្ឍសង្គម ពីព្រោះ “ កីឡាកសាងមនុស្ស មនុស្សកសាងសង្គម” ។ 

លោកបានបន្តថា ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់ស៊ីជម្រៅ លើវិស័យអប់រំកាយ និងកីឡា ដោយឈរលើមូលដ្ឋានយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រ នៃការអភិវឌ្ឍជាតិឆ្នាំ២០១៩-២០២៣ និងដោយផ្អែកលើបរិបទនៃការរីកចម្រើនកីឡាជាតិ និងបរិបទនៃការរីកចម្រើនកីឡា នៅក្នុងតំបន់ក៏ដូចជាអន្តរជាតិ ជាពិសេសការត្រៀមលក្ខណៈសម្បត្តិត្រៀមសម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នាពេលខាងមុខ។

ដើម្បីឲ្យការធ្វើកំណែទម្រង់នេះទទួលបានជោគជ័យ ក្រសួងអប់រំ យុវជន និងកីឡា សំណូមពរដល់អង្គការរដ្ឋកីឡា និងអង្គការសង្គមកីឡា សូមខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត ដោយយកអស់ស្មារតី កម្លាំងកាយ និងលទ្ធភាពបំពេញភារកិច្ចទៅតាមតួនាទីរៀងៗខ្លួន ដោយការទទួលខុសត្រូវខ្ពស់។ ហើយក៏សូមអំពាវនាវផងដែរ ដល់វិស័យឯកជន ដៃគូអភិវឌ្ឍសប្បុរសជន និងប្រជាជនសូមចូលរួមឧបត្ថម្ភគាំទ្រជាស្មារតី សម្ភារៈ ថវិកា ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិយើង។ ក្រោមពាក្យស្លោក រួមគ្នាធ្វើអ្វីៗទំាងអស់គ្នា ដើម្បីកីឡាឆ្ពោះទៅជោគជ័យនៅ SEA GAMES ឆ្នាំ២០២៣៕ ដោយ៖លី ភីលីព

Most Popular

To Top