កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា កាលថ្ងៃទី ១៨ ខែកុម្ភៈ ទីភ្នាក់ងារគ្រប់គ្រង AnB Group បានបញ្ជាក់ថា ពួកគេបានចុះកិច្ចសន្យាផ្តាច់មុខ ជាមួយសមាជិក និងតារាសម្តែងស្រីរបស់ T-ara គឺនាង Jiyeon បន្តទៀតហើយ។
ពីមុននាង Jiyeon បានចែកផ្លូវជាមួយ អតីតភ្នាក់ងាររបស់នាង Partners Park កាលខែកក្កដា ឆ្នាំ ២0២១។ កិច្ចសន្យារបស់នាងជាមួយភ្នាក់ងារចិន Long Zhen Entertainment ក៏ផុតកំណត់នៅខែធ្នូ ឆ្នាំដដែល បន្ទាប់ពីទទួលបានការផ្តល់ជូន ពីភ្នាក់ងារផ្សេងៗ Jiyeon បានសម្រេចចិត្តចាប់ដៃគូជាមួយ AnB Group បង្កើតឡើងដោយប្រធាន Park Sung Hyun ដែលពីមុនធ្លាប់ធ្វើការជាមួយ T-ara ជាអ្នកគ្រប់គ្រងក្រុមតាំងពីឆ្នាំ ២00៩ ។
ទន្ទឹមនឹងនោះ Jiyeon គ្រោងនឹងបន្តសកម្មភាពរបស់នាង ទាំងក្នុងអាជីពជាតារាចម្រៀង និងជាតារាសម្តែងនៅឆ្នាំ ២0២២។ ថ្មីៗនេះ តារារូបនេះក៏បានផ្តល់ដំណឹង អំពីអាពាហ៍ពិពាហ៍របស់នាង ជាមួយកីឡាករកីឡាបេស្បលអាជីព Hwang Jae Kyun ផងដែរ។ គូស្នេហ៍មួយគូនេះនឹងរៀបចំពិធីមង្គលការ នៅឆមាសទី២នៃឆ្នាំ២០២២៕ ដោយ៖លី ភីលីព