ភ្នំពេញ៖ តារាសម្ដែងស្រីល្បីឈ្មោះ អ្នកនាង លី ម៉ារីណា កាលពីពេលថ្មីៗនេះ បានធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំង និងភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាងបានប្រកាសថា លែងលះជាមួយស្វាមី ដែលរួមរស់ជាមួយគ្នាច្រើនឆ្នាំមកហើយ ។
អ្នកនាង លី ម៉ារីណា បានប្រកាសជាសាធារណៈថា ស្វាមី ឈ្មោះ លោក សាត ចាន់ថន បានបញ្ចប់ទំនាក់ទំនងជាប្ដីប្រពន្ធដោយសារភាពមិនចុះសម្រុងនឹងគ្នា ។ ជាមួយគ្នានេះដែរ តារាសម្ដែងមានបទពិសោធន៍ចាស់វស្សារូបនេះថែមទាំងបានបញ្ជាក់ថា បើទោះជានាងលែងលះជាមួយប្ដីយ៉ាងណាក៏ដោយ ក៏នាងបញ្ចប់ដោយសន្តិវិធី និង ទុកមុខរាប់អានគ្នា និងមិនហែកហួរ និយាយអាក្រក់ពីគ្នាលើបណ្ដាញសង្គមឡើយ ។
តារាស្រីវ័យ ៤០ឆ្នាំ លី ម៉ារីណា បានសរសេរយ៉ាងដូច្នេះថា «នាងខ្ញុំ លី ម៉ារីណា សូមប្រកាសជាសាធារណៈថា នាងខ្ញុំ និង ស្វាមី ឈ្មោះ លោក សាត ចាន់ថន បានបញ្ចប់ទំនាក់ទំនងជាប្ដីប្រពន្ធដោយសារភាពមិនចុះសម្រុងនឹងគ្នាហើយ។ អ៊ីចឹងអ្វីៗគ្រប់យ៉ាង នាងខ្ញុំសូមបញ្ចប់ដោយសន្តិវិធី និង ទុកមុខរាប់អានគ្នា ហើយអ្វីដែលបានបញ្ចប់សូមឱ្យរក្សាតម្លៃទាំងសងខាង កុំបង្កហេតុផលក្នុងព័ត៌មានសង្គម ហើយកុំឱ្យបង្ហោះនូវអ្វីដែលឱ្យមានផលប៉ះពាល់ដល់សង្គមជាបន្តទៀត។ សូមអរគុណ»។
ជុំវិញនឹងការប្រកាសនេះផងដែរ ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រ ក៏ដូចជាមិត្តអ្នកសិល្បៈជាច្រើន បានសម្ដែងនូវការសោកស្ដាយជាខ្លាំងចំពោះចំណងអាពាហ៍ពិពាហ៍របស់ តារាសម្ដែង លី ម៉ារីណា ដែលបានដល់ផ្លូវបំបែកបែបនេះ ។
សូមបញ្ជាក់ថា លី ម៉ារីណា បានរៀបការជាមួយអាណិកជនខ្មែរមកពីអាមេរិក លោកសាត ចាន់ថន កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៣ ។ ក្រោយរៀបការ ម៉ារីណា បានចាកចេញភ្លាមៗទៅរស់នៅតាមប្តីឯសហរដ្ឋអាមេរិករយៈពេល៣ឆ្នាំ ទើបនាងចូលមករស់នៅស្រុកវិញ ដោយបង្ហាញខ្លួនសម្តែងភាពយន្តដូចជារឿង “កូនពស់កេងកង”, “រាជិនីភូមិគ្រឹះ”, “ភរិយាឆ្នាំ២០១៩” និង “ទារុណកម្មស្នេហា” ជាដើម ៕ ដោយ៖ ម៉ានី