បរទេស៖ វីដេអូពីខាងក្នុងនៃប្រទេសរុស្ស៊ី ហាក់ដូចជាបង្ហាញពីការ បាញ់បង្ហោះគ្រាប់រ៉ុក្កែត បំផ្លាញសិរីរាង្គ ដែលត្រូវបានដាក់ពង្រាយ ឆ្ពោះទៅព្រំដែនអ៊ុយក្រែន នេះបើយោងតាមកាសែត The Guardian ។
យោងតាមសារព័ត៌មាន Business Insider ចេញផ្សាយកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា វីដេអូដែលត្រូវបានចែករំលែកនៅលើ Twitter ដោយអ្នកឆ្លើយឆ្លងព័ត៌មាន CNN លោក Frederik Pleitgen បង្ហាញឧបករណ៍បំផ្ទុះភ្លើងធុនធ្ងន់ TOS-1 ដែលអាចបាញ់គ្រាប់រ៉ុក្កែតបំផ្លាញសិរីរាង្គ ដែលដាក់នៅលើតួរថក្រោះ T-72 ។
លោក Pleitgen បាននិយាយថា វីដេអូនេះត្រូវបានថតបាន នៅភាគខាងត្បូងក្រុង Belgorod ដែលមានចម្ងាយប្រហែល ៤៥ ម៉ាយពីក្រុង Kharkov ប្រទេសអ៊ុយក្រែន។
កាសែត The Guardian បានផ្សាយថា អាវុធ TOS-1 ត្រូវបានប្រើជាលើកដំបូង ក្នុងអំឡុងសង្រ្គាមសូវៀត នៅអាហ្វហ្គានីស្ថាន ហើយត្រូវបានគេដាក់ពង្រាយផងដែរ នៅក្នុងសាធារណរដ្ឋ ឆេឆេនី និងសង្រ្គាមស៊ីវិលនៅស៊ីរី ផងដែរ។ វាអាចបាញ់ក្បាលគ្រាប់បានពីរប្រភេទគឺ គ្រឿងផ្ទុះ និងឥន្ធនៈផ្ទុះ។ គ្រាប់រ៉ុក្កែតក្រោយៗទៀត ហៅថា Vacuum ឬ Thermobaric rockets ដំណើរការដោយប្រើប្រាស់អុកស៊ីសែន ពីខ្យល់ជុំវិញដើម្បីបង្កើតការផ្ទុះសីតុណ្ហភាពខ្ពស់។
ប្រព័ន្ធសព្វាវុធមានប្រសិទ្ធភាពខ្លាំងណាស់ ប្រឆាំងនឹងមនុស្ស។ យោងតាមគេហទំព័រ Military-Today.com បានឱ្យដឹងថា TOS-1A ត្រូវបានប្រើដើម្បីសម្អាតអគារ កំពែងវាល និងលេណដ្ឋាន៕ ប្រែសម្រួលៈ ណៃ តុលា