សង្គ្រាមនៅអ៊ុយក្រែន បានអូសបន្លាយពេលជាច្រើនថ្ងៃមកហើយ ដោយមិនទាន់ឃើញពន្លឺ នៃការបញ្ចប់សង្គ្រាម នេះនៅឡើយទេ ខណៈដែលរុស្ស៊ីបន្ដបង្កើនការវាយលុកទៀត ។
ស្របពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលអ៊ុយក្រែន រួមជាមួយឥស្សរជន ជាច្រើននាក់ទៀត កំពុងតែស្នើសុំយ៉ាងទទូច ទៅអន្ដរជាតិ ឱ្យជួយដល់អ៊ុយក្រែនផង ដែលត្រូវរុស្ស៊ីឈ្លានពានទឹកដីនេះ ។ ដោយក្នុងនោះ លោក Volodymyr Zelenskiy ប្រធានាធិបតីអ៊ុយក្រែន ចេញមុខជាងគេ បន្ទាប់មកលោក Klitschko ដែលជាស្ដេចប្រដាល់អ៊ុយក្រែន ក៏តែងតែលេចមុខ និងផ្ដល់បទសម្ភាសន៍ ទៅកាន់ពិភពលោក ពីអ្វីដែលរុស្ស៊ីធ្វើដាក់អ៊ុយក្រែន និងជនស្លូតត្រង់ផងដែរ។
ក្នុងផែនការបំបាក់ស្មារតី កងទ័ពនិងប្រជាជន ប្រភពនៅអ៊ុយក្រែន បានអះអាងថា រុស្ស៊ីក្រោមការបញ្ជា របស់លោកពូទីន ផ្ទាល់បានបញ្ជូន ទាហានស៊ីឈ្នួលប្រមាណជា៤០០នាក់ហើយ មកធ្វើឃាតលោក Zelenskiy និង Klitschko រួមជាមួយឥស្សរជនល្បីៗ ប្រមាណ២០នាក់ទៀត ។ ដោយគោលបំណងនោះ គឺសម្លាប់ពួកគេ ដើម្បីបញ្ចប់ការបំផុសគំនិត តស៊ូជាមួយរុស្ស៊ី ឬនិយាយឱ្យខ្លីថាចង់ឱ្យអ៊ុយក្រែន ទម្លាក់អាវុធចុះ និងចាញ់សង្គ្រាមនេះតែម្ដង។
តែយ៉ាងណា ការព្យាយាមបញ្ជូនទាហានមកធ្វើឃាតនោះ ត្រូវបានគេដឹងថាបរាជ័យអស់ទៅហើយ ។ អ្នកស្នេហាជាតិរបស់អ៊ុយក្រែន ពិតជាអង្គអាចក្លាហានណាស់ ។ ពួកគេសុទ្ធតែគាំទ្រពេញទំហឹង ជាមួយប្រធានាធិបតីរបស់ខ្លួន ហើយការពារដោយជីវិត មិនឱ្យនរណាមកប៉ះពាល់ មេដឹកនាំរបស់គេបានឡើយ៕