សិល្បៈ និង កម្សាន្ត

បែកស្នេហ៍ជាមួយ ហេង ពិទូ មួយរយៈខ្លី ស្រីស្អាត ហ្វីយ៉ាតា រកឃើញអ្នកស្អំបេះដូងថ្មី ជាជនបរទេស

ភ្នំពេញ៖ នាពេលថ្មីៗនេះ ស្រាប់តែស្រីស្រស់ ហ្វីយ៉ាតា បង្ហើបប្រាប់ម្ចាស់ស្នេហ៍ថ្មី ជាបុរសសង្ហាបរទេស ដើម្បីស្អំស្នាមរបួសបេះដូង ភ្ជាប់ដោយសារវែងអន្លាយ ខណៈខ្លួនទើបបានទម្លាយរឿងចែកផ្លូវគ្នា ជាមួយនឹងតារាចម្រៀងប្រុសវ័យជ្រេ លោក ហេង ពិទូ កាលពី ចុងឆ្នាំ២០២១កន្លងមក ។

អតីតហ្វ្រេសស៊ីហ្គើល ចំណាត់ថ្នាក់លេខ២ ឆ្នាំ២០១០ ហ្វីយ៉ាតា តារាស្រីល្បីមានរូបរាងឡូយ មានឈ្មោះពិត ថៃ នារីសុជាតា រូបនេះ បានបង្ហើរតាមហ្វេសប៊ុក ប្រាប់ពីតម្រុយរកឃើញ ម្ចាស់ចិត្តថ្មីដើម្បីយកមកស្អំបេះដូង ដែលមានស្នាមរបួស ជាបុរសបរទេស ដែល មើលទៅឃើញរាងពីក្រោយនោះថា «ហេតុអ្វីនៅពេលដែល មនុស្សស្រីត្រូវឈឺចាប់ និងខូចចិត្តដោយសារស្នេហាកន្លងមក ដែលបោកប្រាស់ និងកុហកនាង ហើយនាងចាប់ផ្ដើម ជាមួយនឹងអ្នកថ្មី តែងតែខុសអ៊ីចឹង? ហេតុអ្វីមិនព្រមយល់ ពីនាងថានាងគឺជា ជនរងគ្រោះ ហើយនាងត្រូវបានគេធ្វើបាបផ្លូវកាយ និងចិត្តវាជារឿងដែលល្អ ដែលនាងអាចរកបាន មនុស្សម្នាក់ទៀត មកមើលថែរបួស ដែលមានកន្លងមកបាន? ហេតុអ្វីពេលដែលអ្នកឮថា មនុស្សស្រីម្នាក់នោះ ស្គាល់មនុស្សប្រុសច្រើន តែងតែជាមនុស្សស្រីអាក្រក់? ហេតុអ្វីអ្នកមិនប្ដូរផ្នត់គំនិត ការគិតរបស់អ្នកមកគិតថា មកពីនាងល្អពេក ទើបប្រុសព្រានទាំងអស់នោះ មិនអាចស៊ូនឹងការមើលថែ គ្រប់គ្រងនិងភាពស្មោះត្រង់ របស់នាងបាន ទើបធ្វើឱ្យពួកគេបែកបាក់គ្នា ហើយមនុស្សប្រុសទាំងអស់នោះ មានសិទ្ធិក្នុងការស្គាល់មនុស្សស្រីថ្មី ចុះហេតុអ្វីមនុស្សស្រីដូចជាពួកយើង គ្មានសិទ្ធិក្នុងការបើកឱកាស ឲ្យខ្លួនឯងស្គាល់ ជាមួយនឹងឱកាសថ្មីៗដែរ?» ។

ស្រីស្រស់និយមសិចស៊ី ហ្វ៊ីយ៉ាតា បានបន្ថែមទៀតថា «ត្រូវចាំមនុស្សប្រុសអាយុជិត 70ឆ្នាំ នៅយកប្រពន្ធក្មេងបាន ទាំងដែលមនុស្សគ្រប់គ្នា គិតថាមិនខុស តែបើមនុស្សស្រីយើង គ្រាន់តែយកសង្សារ អាយុក្មេងជាងតែ 1ខែ គេនិយាយដើមដល់ចាស់ ផ្នត់គំនិតនេះគួរតែផ្លាស់ប្ដូរទៅ ជីវិតអ្នកណាទុកឱ្យគេ ជាអ្នកត្រួសត្រាយជីវិតគេ យើងខ្លួនឯងមើលថែជីវិតខ្លួនយើង ឱ្យតែល្អទៅបានហើយ» ។

គួរឱ្យដឹងផងដែរថា កាលពីប្រមាណជាង ៦ឆ្នាំមុន លោក ហេង ពិទូ និងអ្នកនាង ថៃ នារីសុជាតា ហៅហ្វីយ៉ាតា គឺជាគូស្នេហ៍នឹងគ្នា ហើយក៏បានបែកគ្នាទៅវិញ ដោយម្នាក់ៗសុទ្ធតែមាន អ្នកស្អំបេះដូងជាបន្តបន្ទាប់ ។ ហើយទើបតែមួយរយៈចុងក្រោយនេះ ទើបឃើញគេទាំងពីរ ត្រឡប់មកស្និទ្ធស្នាលគ្នាម្ដងទៀត ដែលជាហេតុនាំឱ្យមាន ការលើកឡើងថា ហេង ពិទូ និងហ្វីយ៉ាងតា អាចនឹងវិលរកឆ្នាំងចាស់ ខណៈដែលទាំងពីរនាក់ ធ្លាប់មានប្រវត្តិបង្កាត់ភ្លើង ស្នេហ៍ជាច្រើនរាប់មិនអស់ ។

យ៉ាងណាមិញ គ្រាន់តែដឹងថា ហេង ពិទូ និងហ្វីយ៉ាងតា ស្រឡាញ់គ្នាបានមួយរយៈខ្លី ស្រាប់តែធ្លាយដំណឹងថា គេទាំងពីរចែកផ្លូវគ្នាទៅវិញ ដោយហេតុផលគឺលោក ហេង ពិទូ លួចលាក់មានស្រីកំណាន់ខាងក្រៅ សូម្បីតែលោក ហេង ពិទូ ផ្ទាល់ ក៏បានសារភាពពីទោសកំហុសនេះដែរ គឺព្រោះតែលោកសាវ៉ា ។ បន្ទាប់ពីនោះមក ស្រីស្រស់ ហ្វីយ៉ាតា បានប្រើជីវិតនៅម្នាក់ឯងមួយរយៈ ក៏ស្រាប់តែប៉ុន្មានថ្ងៃមុននេះ នាងក៏បានបង្ហាញមុខគូស្នេហ៍ថ្មី ជាជនបរទេស ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង៕​ ដោយ៖ ម៉ានី

Most Popular

To Top