ភ្នំពេញ ៖ ទើបតែខានមុខមួយរយៈប៉ុណ្ណោះ ស្រាប់តែមហាជនបង្ហាញការ ចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើកូនប្រុសតារាចម្រៀង អ្នកនាង ម៉េង កែវពេជ្ជតា ដែលបានចម្រើនវ័យធំធាត់ រូបរាងសង្ហា ហើយជាងនេះទៅទៀតគេ ក៏កំពុងសិក្សានៅប្រទេសបារាំង ផងដែរ ។
តាមរយៈ តារាចម្រៀងសំឡេងស្រួសស្រែស អ្នកនាង ម៉េង កែវពេជ្ជតា បានប្រកាសជាសាធារណៈថា សម្រាប់បុណ្យចូលឆ្នាំខ្មែរខាងមុខ នេះ នាងមិនបាននៅបកស្រាយបទចម្រៀង ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ស្ដាប់កម្សាន្តដូចរាល់ៗ ឆ្នាំកន្លងមកនោះទេ ព្រោះអ្នកនាងជាប់ធុរៈសំខាន់ ត្រូវនៅប្រទេសបារាំង ដើម្បីមើលថែកូន កំពុងបន្តការសិក្សា ។
អ្នកនាង ម៉េង កែវពេជ្ជតា រៀបរាប់ទាំងសោកស្ដាយ នៅលើគណនីហ្វេសប៊ុកថា ៖ «សង្រ្កាន្តឆ្នាំនេះ នាងខ្ញុំមិនបាននៅច្រៀងជូនទេ ដោយសារនាងខ្ញុំ ត្រូវមកមើលកូនរៀនឯស្រុកបារាំង ។ សូមអភ័យទោស និង សូមអរគុណដល់បណ្តាក្រុមហ៊ុន ម្ចាស់ពិធីនានា ដែលផ្តល់កិត្តិយសអញ្ជើញនាងខ្ញុំ»។
កូនប្រុសច្បងអ្នកនាង ម៉េង កែវពេជ្ជតា មានឈ្មោះថា ម៉េង ពេជ្ររតនៈ ដែលកន្លងមកតែងបង្ហាញ វត្តមាននៅក្នុងការសម្តែង ដូចជាការច្រៀង និង ការលេងតន្ត្រីទាំងឧបករណ៍ បុរាណសម័យ ជាមួយនឹងអ្នកម្តាយ ស្ទើរគ្រប់ឆាកសម្តែង ដោយនេះជាហេតុធ្វើឱ្យអ្នកគាំទ្រ សរសើរមិនដាច់ពីមាត់ពីសមត្ថភាព ម្តាយកូនអ្នកសិល្បៈល្បីឈ្មោះនេះ ។
សូមបញ្ជាក់ថា អ្នកនាង ម៉េង កែវពេជ្ជតា មានកូនប្រុសស្រីចំនួន២នាក់ ដោយយុវជន ម៉េង ពេជ្ររតនៈ ជាកូនប្រុសច្បង និងកូនស្រីពៅឈ្មោះ ម៉េង ពេជ្ជតាសង្វាពេជ្រ កំពុងតែបន្តលើវិថីសិល្បៈរួមគ្នា នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងអ្នកនាង ៕
ដោយ៖ ម៉ានី