ក្រុមហ៊ុនអវកាសឯកជន SpaceX ដែលមានលោក Elon Musk ជានាយកប្រតិបត្តិទទួលបានជោគជ័យលើ សេវាកម្មដឹកភ្ញៀវ ទៅអវកាស ដើម្បីទៅទស្សនកិច្ច នៅក្នុងស្ថានីយ៍អវកាសអន្តរជាតិ ISS ។ អតិថិជនបីរូបដំបូងរបស់ SpaceX ត្រូវបានដឹងថា គឺជាអ្នកជំនួញសល់លុយ វាល់ដុល្លារដែលហ៊ានទិញសំបុត្រក្នុងម្នាក់តម្លៃ ៥៥ លានដុល្លារ ធ្វើដំណើរកម្សាន្តទៅអវកាស ក្នុងគម្រោងដ៏ពិសេសអស្ចារ្យ។
អតិថិជនទាំងបីមានដូចជាលោក Mark Pathy វិនិយោគិនកាណាដា, លោក Larry Connor សហគ្រិនបច្ចេកវិទ្យាអាមេរិក, លោក Eytan Stibbe អតីតកងទ័ពអាកាសអ៊ីស្រាអែល និងលោក Michael López-Alegría អវកាសយានិក NASA ជាអ្នករួមដំណើរនៅក្នុងយាន។
ទោះបីជាយ៉ាងនេះក៏ដោយមុននឹង បុគ្គលបីរូបនោះអាចមានសិទ្ធហោះហើរ ទៅអវកាសនៅក្នុងយាន Falcon របស់ក្រុមហ៊ុន SpaceX គឹតម្រូវឲ្យមានសុខភាពល្អប្រសើរ ប្រាកដថាគ្មានជំងឺប្រចាំកាយ ព្រមទាំងហ្វឹកហ្វឺន បំពេញគ្រប់តាមលក្ខខណ្ឌរបស់ SpaceX សហការជាមួយនឹង NASA ។ យោងតាមប្រភពសារព័ត៌មាននានាផ្សាយថា ទស្សនកិច្ចជាប្រវត្តិសាស្រ្តនេះ មានរយៈពេលស្នាក់នៅចំនួន ១សប្ដាហ៍នៅលើស្ថានីយអវកាសអន្តរជាតិ ខណៈដែលកាលបរិច្ឆេទរបស់យាន នឹងត្រូវចាកចេញពីគន្លង តារាវិថីមកកាន់ផែនដីឆាប់ៗនេះ។
រំឮកផងដែរថា គម្រោងបើកទទួលភ្ញៀវធ្វើដំណើកម្សាន្តទៅអវកាស មានក្រុមហ៊ុនឯកជនចំនួនបួន ដែលជោគជ័យក្នុង ការបញ្ជូនមនុស្សជាតិ ទៅធ្វើដំណើកម្សាន្តរួមមាន ក្រុមហ៊ុន Blue Origin របស់លោក Jeff Bezos និងក្រុមហ៊ុន Virgin Galactic របស់លោក Richard Branson, មហាសេដ្ឋីជប៉ុនលោក Yusaku Maezawa និងជំនួយការ Hirano ធ្លាប់ធ្វើដំណើកម្សាន្តទៅចំនួន១២ ថ្ងៃនិងក្រុមហ៊ុនឯកជនចុងក្រោយគឺ SpaceX នេះឯង៕