ភ្នំពេញ៖ តារាសម្តែង ក៏ដូចជាពិធីករលោក យិត មាសឧស្សាហ៍ ដែលទស្សនិកជនស្គាល់យ៉ាងច្បាស់តាមរយៈឈ្មោះ អេដវីដ ក្រោយពីបានជួបព្យុះភ្លៀងជាច្រើនក្នុងឆាកជិវិតក្នុងរយៈពេលប្រមាណជិត ១ឆ្នាំមកនេះ ស្រាប់តែថ្មីៗនេះលោកបានមើលឃើញពន្លឺរស្មីជិវិតបន្តិចម្ដងៗ ជាមួយគម្រោងការងារសិល្បៈមួយចំនួន ។
ជាការពិតណាស់លោក អេដ វីដ កាលពីអំឡុងពាក់កណ្ដាលឆ្នាំ ២០២១ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារពីបទប្រើប្រាស់អំពើហិង្សាលើអតីតគូស្នេហ៍គឺអ្នកនាង សុទ្ធ បញ្ចកា ហើយមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែអ្នកម្ដាយបង្កើតបានទទួលមរណៈភាពសូមតែដង្ហើមចុងក្រោយ ក៏លោកមិនបាននៅក្បែរដែរ ដែលជាហេតុធ្វើឱ្យអ្នកគាំទ្រមានក្ដីអាណិតយ៉ាខ្លាំង ។
យ៉ាងណាមិញ ដូចពាក្យចាស់ពោលថា «ក្រោយភ្លៀង មេឃស្រឡះ» តារាប្រុសដែលធ្លាប់មាន ប្រជាប្រិយភាពខ្លាំងខាងលើនេះ ស្រាប់តែចេញមុខសរសេរ សារយ៉ាងវែងអន្លាយ ជាមួយដំណឹងល្អ នៃការបានបញ្ជាក់ថា រូបលោកចាប់ផ្តើមបង្ហាញមុខឡើងវិញ ជាមួយគម្រោងការងារថ្មី ៗ ក្នុងឆ្នាំនេះ ។
ជាមួយគ្នានេះ ក្នុងសារទាំងនោះ រូបលោក បានបង្ហាញអារម្មណ៍ពិត ដូច្នេះថា៖ «ដួលខ្លួនឯង ងើបខ្លួនឯង ដួលកន្លែងណា ងើបកន្លែងនោះ អានឹងបានគេហៅថា អ្នករឹងមាំ អ្នកណាក៏ចេះដួលដែរ តែបើដួលហើយរវល់តែអង្គុយយំនៅហ្នឹង អ្នកគ្មានថ្ងៃ ក្រោកឈរ ដើរបន្តរទៅមុខទៀតជាដាច់ខាត ។ដួលងើបៗ បើដួលទៀត ងើបទៀត ខ្ញុំមិនជឿថា មាជីវិតនឹង វាដួលរហូតនោះទេ មិនចឹង ត្រូវអត់អ្នកទាំងអស់គ្នា !?ទទួលស្គាល់ថាដួលទៅ វាឈឺចាប់បន្តិចមែន តែកុំឈឺយូពេកអី ងើបឡើង បោសដៃ បោសជើង ហើយ ដើរទៅមុខទៀត ដូចជាខ្ញុំពេលនេះចឹង ការដួល វាសាំទៅហើយសម្រាប់ខ្ញុំ ខ្ញុំមានតែអរគុណ នៃការដួលទៅវិញទេ ដែលធ្វើអោយខ្ញុំអាច ក្លាយជាមនុស្សអាចដោះស្រាយ សឹងតែរាល់បញ្ហាទាំងស្រុងបានដោយខ្លួនឯង» ។
លោក លោក អេដ វីដ បានបន្តថា «កុំខ្លាចការដួលណា អ្នកត្រូវនិយាយប្រាប់ខ្លួនឯងថា បើអ្នកដួល ហើយមិនប្រឹងងើបឈរដេីរដោយខ្លួនឯងវិញនោះ មានមនុស្សច្រើនណាស់ ចាំសើចចំអកអោយអ្នក កុំខ្វល់អី ជឿខ្ញុំទៅ តស៉ូ ខាំមាត់ សង្កត់ចិត្ត ដើរទៅមុខ រកអ្វីដែលជាភាព ជោគជ័យរបស់អ្នក ថ្ងៃនោះហើយ គេគ្រប់គ្នា កោតក្រែងអ្នកដោយខ្លួនឯង ។ ពីខ្ញុំ P’WIN អរគុណដល់ Kongchak Pictures សម្រាប់ការងារមួយនេះនឹងការទទួលយ៉ាងកក់ក្តៅ អរគុណដល់ពុកម៉ែបងប្អូន ដែរតែងតែរង់ចាំ វត្តមានរបស់ខ្ញុំបាទ ចំពោះការវិលត្រឡប់ចូលសិល្បះសារជាថ្មី» ។
គួររំឮកថា កាលពីយប់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១ អ្នកនាង សុទ្ធ បញ្ចកា បានទម្លាយសារ រៀបរាប់ពីសកម្មភាពហិង្សា វាយដំរាយកាយពីសំណាក់លោក អេដវីន ដែលជាគូស្នេហ៍មកលើរូបនាងយ៉ាងព្រៃផ្សៃ ។
ក្រោយពីមានករណីខាងលើកើតឡើង បង្កឱ្យមានការភ្ញាក់ផ្អើលលើបណ្ដាញសង្គមហើយនោះ លោក អេដវីន ត្រូវបានសមត្ថកិច្ចនៃការិយាល័យ ប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួន និងបញ្ចូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ៕
ដោយ៖ ម៉ានី