ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី ហាមប្រាមមិនឲ្យពលរដ្ឋជប៉ុន ក្នុងបូករួមទាំង នាយករដ្ឋមន្ត្រីជប៉ុន ចូលមកក្នុងទឹកដីរបស់ខ្លួន

ម៉ូស្គូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ថា ក្រសួងការបរទេសរុស្ស៊ី បានប្រកាសនៅថ្ងៃពុធនេះថា ពលរដ្ឋជប៉ុន ចំនួន៦៣នាក់ រួមទាំងមន្ត្រីកំពូលៗ ដូចជានាយករដ្ឋមន្ត្រី Fumio Kishida ត្រូវបានហាមឃាត់ ជាអចិន្ត្រៃយ៍ ពីការចូលមកប្រទេសរុស្ស៊ី ។

ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រដ្ឋបាលរបស់លោក Kishida បានចាប់ផ្តើមយុទ្ធនាការប្រឆាំងរុស្ស៊ី ដែលមិនធ្លាប់មានពីមុនមក ដោយអនុញ្ញាត ឱ្យមានវោហាសាស្ត្រ ដែលមិនអាចទទួលយកបានប្រឆាំង នឹងសហព័ន្ធរុស្ស៊ី រួមទាំងការបង្កាច់បង្ខូច និងការគំរាមកំហែង ដោយផ្ទាល់” ។

ក្រសួងបានឲ្យដឹងទៀតថា “នេះត្រូវបានបន្ទរដោយឥស្សរជន សាធារណៈ អ្នកជំនាញ និងតំណាងប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេសជប៉ុន ដែលមានភាពលំអៀង ទាំងស្រុង ចំពោះអាកប្បកិរិយា របស់បស្ចិមប្រទេសទាក់ទង នឹងប្រទេសរបស់យើង” ។

ប្រធានខុទ្ទកាល័យលោក Hirokazu Matsuno រដ្ឋមន្ត្រីការបរទេស Yoshimasa Hayashi រដ្ឋមន្ត្រី ហិរញ្ញវត្ថុ Shunichi Suzuki និងរដ្ឋមន្ត្រីការពារជាតិ Nobuo Kishi ក៏ត្រូវបានដាក់ក្នុងបញ្ជីខ្មៅ ក្នុងចំណោមមន្ត្រីរដ្ឋាភិបាល និងសមាជិកសភាដទៃទៀត ។

លើសពីនេះ ការហាមប្រាមការចូលប្រើប្រាស់ បានអនុវត្តចំពោះនាយកប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយ និងសាស្ត្រាចារ្យសាកលវិទ្យាល័យមួយចំនួនទៀតផង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top