សិល្បៈ និង កម្សាន្ត

អស់ពីមួយរឿង ចូលមួយរឿង! ផេន ខេក បានត្រឹមសម្រក់ទឹកភ្នែក

ភ្នំពេញ៖ ទស្សនិកជនធ្លាប់តែបាន តារាភេទទី៣ វ៉ាន់ សំណាង ហៅ ផេន ខេក តែងតែផ្តល់ស្នាមញញឹម និងសំណើចក្អាកក្អាយ ទៅកាន់មហាជន រាប់ពាន់នាក់ ទស្សនាហើយធូរស្រាលអារម្មណ៍ ផ្ទុយទៅវិញ ជីវិតពិតរបស់ នាងមួយរយៈនេះ ហាក់ជួបបញ្ហាផ្ទួនៗគ្នា ដោយក្រៅតែពីបែកបាក់ ជាមួយប្ដីដែល ទើបតែរៀបការហើយនោះ ឥលូវនេះថែមទាំងត្រូវ បានម្ចាស់បំណុលបង្ហោះទារលុយយ៉ាងព្រោងព្រាត នៅលើបណ្ដាញសង្គមហ្វេសប៊ុក ។

ជាការពិតណាស់ ផេន ខេក ដែលទើបតែបានរៀបការ ជាមួយស្វាមីឈ្មោះលោក ឈិន វិឆ្ឆ័យ រយៈពេលមួយខែនោះ ស្រាប់តែកាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ នាងបានប្រកាសលែងលះ ដោយហេតុផលអតីតប្ដី របស់នាងបានលួចលាក់ក្បត់ចិត្ត ។

យ៉ាងណាមិញ រឿងបែកបាក់គ្រួសារ ទើបតែចប់ ស្រាប់តែថ្មីៗនេះ ឃើញមានម្ចាស់បំណុលបានបង្ហោះសារទារលុយដែល ផេន ខេក ជំពាក់ជាច្រើនខែណាស់ មកហើយ ហើយនាងនៅមិនទាន់មានដំណោះស្រាយ នៅឡើយ ។
ក្រោយពេល ម្ចាស់បំណុលផ្អើលនាំគ្នា បង្ហោះសារទារលុយភ្លាមៗខ្ទង់ម៉ឺនដុល្លារនេះ ស្រាប់តែបែកធ្លាយ វីដេអូតារាស្រីរូបនេះ អង្គុយយំម្នាក់ឯងយ៉ាងស្ងប់ស្ងាត់ ហាក់ដូចអស់សង្ឃឹមក្នុងជីវិត អស់ពីបញ្ហាមួយចូលមួយ ដោយខ្លួនត្រូវរ៉ាប់រងបំណុលជាង ១៥ម៉ឺនដុល្លារម្នាក់ឯង ។

ជាមួយគ្នានេះដែរ ក៏ឃើញមានទស្សនិកជនជាច្រើន បាននាំគ្នាបញ្ចេញមតិ សុំចិត្តម្ចាស់បំណុលម្នាក់ៗ គួរយោគយល់ដល់ ផេន ខេក ផង ព្រោះពេលនេះ រូបនាងកំពុងប្រឹងរកប្រាក់ដោះបំណុលហើយ មិនតែប៉ុណ្ណោះ បណ្តាអ្នកគាំទ្រស្ទើរតែទាំងអស់ នាំគ្នាលើកទឹកចិត្តរូបនាង ឱ្យតស៊ូបន្តដំណើរទៅមុខទៀត ។

គួរឱ្យដឹងថា តារាភេទ ទី៣ វ៉ាន់ សំណាង ហៅផេន ខេក គឺជាតារាកំប្លែងទីពីរ បន្ទាប់ពីអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង ដែលត្រូវបានម្ចាស់ បំណុលបង្ហោះសារ ជាសាធារណៈលើបណ្ដាញសង្គមឱ្យដោះស្រាយ បំណុលខ្ទង់ម៉ឺនដុល្លារ ៕

ដោយ៖ ម៉ានី

Most Popular

To Top