វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី នឹងមិនបញ្ចប់ សង្រ្គាមនៅ អ៊ុយក្រែន ជាមួយនឹង យុទ្ធនាការ Donbas នោះទេ ហើយប្តេជ្ញាសាងសង់ស្ពានដី ទៅកាន់ទឹកដី ដែលគ្រប់គ្រង ដោយរុស្ស៊ីក្នុងប្រទេសម៉ុលដូវ៉ា ។ នាយកទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់ជាតិសហរដ្ឋអាមេរិក លោកស្រី Avril Haines បានថ្លែងកាលពីថ្ងៃអង្គារថាដូច្នេះ ។
ចារកម្មរបស់អាមេរិក ក៏យល់ឃើញថា ទំនងជាលោក ពូទីន នឹងប្រមូលផ្តុំប្រទេសទាំងមូល របស់គាត់ រួមទាំងការបញ្ជា ច្បាប់អាជ្ញាសឹក ហើយកំពុងពឹងផ្អែក លើការតស៊ូរបស់គាត់ដើម្បីកាត់បន្ថយការគាំទ្រ របស់លោកខាងលិច សម្រាប់អ៊ុយក្រែន ។
លោកស្រី Haines បានលើកឡើងថា “យើងវាយតម្លៃប្រធានាធិបតី ពូទីន កំពុងរៀបចំសម្រាប់ជម្លោះអូសបន្លាយក្នុងប្រទេសអ៊ុយក្រែន ក្នុងអំឡុងពេលដែលគាត់ នៅតែមានបំណងចង់សម្រេចបាន នូវគោលដៅលើសពី Donbas” ។
ចារកម្មអាមេរិកគិតថា ការសម្រេចចិត្ត របស់លោក ពូទីន ក្នុងការប្រមូលផ្តុំកងកម្លាំង រុស្ស៊ីនៅក្នុងតំបន់ Donbas ភាគខាងកើតគឺ “គ្រាន់តែជាការផ្លាស់ប្តូរបណ្តោះ អាសន្នតែប៉ុណ្ណោះ” បន្ទាប់ពីការបរាជ័យរបស់ពួកគេ ក្នុងការដណ្តើមយកទីក្រុង គៀវ នៅភាគខាងជើង ។
លោកស្រី Haines បានប្រាប់ដល់គណៈកម្មាធិការ សេវាកម្មប្រដាប់អាវុធរបស់ព្រឹទ្ធសភាថា កងកម្លាំងរុស្ស៊ី នៅតែមានបំណងចង់ឈ្នះទឹកដី នៅទូទាំងឆ្នេរសមុទ្រខ្មៅ ជាផ្នែកមួយដើម្បីធានាបានធនធានទឹក សម្រាប់តំបន់គ្រីមៀ ដែលទីក្រុងម៉ូស្គូបានដណ្តើមយកកាលពីឆ្នាំ២០១៤ ។
លោកស្រី Haines បានលើកឡើងដោយសំដៅ ទៅតំបន់បំបែកខ្លួនដែលគាំទ្រ ដោយក្រុងម៉ូស្គូ ប្រទេសម៉ុលដូវ៉ា តាមបណ្តោយព្រំដែន ភាគនីរតីរបស់អ៊ុយក្រែនថា “ ឃើញការបង្ហាញថា យោធារុស្ស៊ីចង់ពង្រីកស្ពានដីទៅតំបន់ Transnistria” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា