ក្លឹប Barcelona បានខាតដល់ទៅ១២៥លានផោន បន្ទាប់ពីសម្រេចចិត្តលក់ខ្សែបម្រើប្រយុទ្ធ Philippe Coutinho ទៅឲ្យ Aston Villa។
កាលពីខែមករា Coutinho វ័យ២៩ឆ្នាំបានចូលរួមជាមួយ Villa ក្រោមការដឹកនាំរបស់ Steven Gerrard ជាកីឡាករខ្ចីជើង ជាមួយលក្ខខណ្ឌទិញផ្ដាច់នៅបញ្ចប់រដូវកាល។ គេបានបង្ហាញសមត្ថភាព ល្អដោយរកបាន៤គ្រាប់ ក្នុងការលេង១៦ប្រកួតជាមួយ Villa។ កត្តានេះហើយទើបធ្វើឲ្យ Gerrard សម្រេចចិត្តទិញផ្ដាច់យក Coutinho មកតែម្ដង ។
ក្រោយពីមានការពិភាក្សាគ្នាជាមួយ Barcelona ក្លឹប Villa បានទិញកីឡាករសញ្ជាតិប្រេស៊ីល ក្នុងតម្លៃត្រឹមតែ១៧លានផោន ជាមួយកុងត្រាដល់ឆ្នាំ២០២៦។ Barca បានទិញ Coutinho ពី Liverpool កាលពីខែ មករា ឆ្នាំ ២០១៨ ក្នុងតម្លៃខ្លួន១៤២លានផោន ។ នេះមានន័យថា ការលក់ Coutinho ទៅឲ្យ Villa ក្លឹប Barcelona ខាតដល់ទៅ១២៥លានផោន ៕