ខ្សែប្រយុទ្ធរបស់ Liverpool កីឡាករ Mohamed Salah បាននិយាយថា គេពិតជាមានកម្លាំងចិត្តខ្លាំង សម្រាប់ការប្រកួត Champions League វគ្គផ្ដាច់ព្រ័ត្រទល់នឹង Real Madrid បន្ទាប់ពីរឿង បានកើតឡើងកាលពីឆ្នាំ២០១៨។
ហង្សក្រហមនឹងត្រូវតទល់ ជាមួយក្រុមអធិរាជសនៅកីឡដ្ឋាន Stade de France ក្នុងទីក្រុងប៉ារីសនៅយប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យ។ ហើយនេះក៏ជាការធ្វើដំណើរជួបគ្នាម្ដងទៀត ក្នុងវគ្គផ្ដាច់ព្រ័ត្រ UCL បន្ទាប់ពីក្រុមទាំងពីរធ្លាប់ប៉ះគ្នា កាលពីឆ្នាំ២០១៨ ក្នុងទីក្រុង Kyiv ប្រទេសអ៊ុយក្រែន។
ក្នុងការប្រកួតកាលពីឆ្នាំ២០១៨ គេចាំបានថា Salah បានទទួលរងរបួស ក្រោយប្រជែងជាមួយខ្សែការពារ Sergio Ramos និងត្រូវបង្ខំចិត្តប្ដូរចេញក្នុងវគ្គទីមួយ។ គ្រាប់បាល់របស់ Karim Benzema និង Gareth Bale បានជួយ Madrid ឈ្នះ Liverpool ៣-១។ និយាយក្នុងសន្និសីទកាសែតនាពេលថ្មីៗ Salah បានលើកឡើងថា ពេលនេះគេបានចេញមកសងសឹកជាមួយ Madrid ហើយ ។
“ខ្ញុំពិតជាមានកម្លាំងចិត្ត បន្ទាប់ពីរឿងបានកើតឡើងជាមួយ Real Madrid លើកមុន ។ ហើយរឿង ដែលបានកើតឡើង កាលពីថ្ងៃអាទិត្យកន្លងទៅ គ្រប់គ្នាពិតជាមានការជំរុញទឹកចិត្ត ដើម្បីឈ្នះ Champions League ។ គ្រប់គ្នាពិតជារំភើបសម្រាប់វា” ។ សម្ដី Salah៕