ព័ត៌មានអន្តរជាតិ

Update៖ សហរដ្ឋអាមេរិក នឹងបញ្ជូនប្រព័ន្ធរ៉ុកកែត ចម្ងាយមធ្យមទៅកាន់អ៊ុយក្រែន

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ថា មន្ត្រីរដ្ឋបាលជាន់ខ្ពស់បាននិយាយនៅថ្ងៃអង្គារនេះថា សហរដ្ឋអាមេរិកនឹងបញ្ជូនប្រព័ន្ធរ៉ុក្កែតរយៈចម្ងាយមធ្យមទៅកាន់ប្រទេសអ៊ុយក្រែន នៅក្នុងកញ្ចប់ជំនួយសន្តិសុខថ្មីមួយ នេះបើតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់បានឲ្យដឹងកាលពីថ្ងៃអង្គារ ។

ក្រុមមន្ត្រីបានលើកឡើងថា កញ្ចប់សព្វាវុធតម្លៃ៧០០លានដុល្លារអាមេរិក នឹងត្រូវដាក់បង្ហាញជាផ្លូវការនៅថ្ងៃពុធនេះ រួមទាំងប្រព័ន្ធរ៉ុក្កែតខ្ពស់ចល័តខ្ពស់ហៅកាត់ (HIMARS) ដែលអាចឱ្យអ៊ុយក្រែនបាញ់បានកាន់តែច្បាស់ទៅកាន់គោលដៅនៅភាគខាងកើតរបស់ខ្លួន ។

មន្ត្រីដែលបានលើកឡើងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា មន្ត្រីអ៊ុយក្រែនបានផ្តល់ការធានាថា HIMARS នឹងមិនត្រូវបានប្រើដើម្បីវាយប្រហារគោលដៅនានានៅក្នុងទឹកដីរុស្ស៊ីនោះទេ ។
ការប្រកាសនេះបានធ្វើឡើងចំពេលមានសេចក្តីរាយការណ៍ថា សហរដ្ឋអាមេរិក កំពុងរៀបចំផ្តល់ជំនួយដល់អ៊ុយក្រែនជាមួយនឹងប្រព័ន្ធរ៉ុក្កែតរយៈចម្ងាយឆ្ងាយកម្រិតខ្ពស់ ដែលជាអ្វីដែលក្រុងគៀវ ចង់បាននៅក្នុងការប្រយុទ្ធរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ីនៅតំបន់ Donbass ភាគខាងកើត ។

គួរបញ្ជាក់ថា ជំនួសឱ្យប្រព័ន្ធរ៉ុក្កែតរយៈចម្ងាយឆ្ងាយទាំងនោះដែលអាចបាញ់បានចម្ងាយ១៨៦ម៉ាយ ស្មើនឹងប្រមាណ៣០០គីឡូម៉ែត្រ សហរដ្ឋអាមេរិក កំពុងបញ្ជូនអ្វីដែលខ្លួនចាត់ទុកថា ជាគ្រាប់រ៉ុក្កែតរយៈចម្ងាយមធ្យមទៅកាន់អ៊ុយក្រែន ដែលជាឧបករណ៍ដែលអាចធ្វើដំណើរបានចម្ងាយប្រហែល៥០ម៉ាយ ស្មើនឹងប្រមាណ៨០គីឡូម៉ែត្រ ។

កាលពីថ្ងៃអង្គារផងដែរ ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានសរសេរនៅក្នុងអត្ថបទជាភ្ញៀវដែលធ្វើឡើងដោយកាសែត New York Times ថារដ្ឋបាលរបស់លោកនឹងបន្ត “ផ្តល់ឱ្យប្រជាជនអ៊ុយក្រែននូវប្រព័ន្ធរ៉ុក្កែត និងអាវុធទំនើបបន្ថែមទៀត ដែលអាចឱ្យពួកគេវាយប្រហារគោលដៅសំខាន់ៗនៅលើសមរភូមិក្នុង អ៊ុយក្រែន»។
លោក Biden បាននិយាយថា សហរដ្ឋអាមេរិកមិនស្វែងរក “សង្រ្គាម” រវាងណាតូ និងរុស្ស៊ីនោះទេ។
កាលពីថ្ងៃចន្ទ លោកបានច្រានចោលនូវលទ្ធភាពដែលទីក្រុងវ៉ាស៊ីនតោនបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន “ប្រព័ន្ធរ៉ុក្កែតដែលអាចវាយប្រហារចូលប្រទេសរុស្ស៊ី” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top