ព័ត៌មានអន្តរជាតិ

Update ៖ អ៊ុយក្រែន បញ្ជាក់ថា ស្រុកចំនួន២ នៅក្នុងក្រុងគៀវ រងការវាយប្រហារ ដោយគ្រាប់មីស៊ីល របស់រុស្ស៊ី

គៀវ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ថា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ប្រទេសរុស្ស៊ី បានវាយប្រហារ មកលើរដ្ឋធានី គៀវ របស់អ៊ុយក្រែន ដោយបានបាញ់គ្រាប់មីស៊ីល ជាលើកដំបូង ក្នុងរយៈពេលជាង១ ខែមកហើយ ខណៈដែលមន្ត្រីអ៊ុយក្រែន បានបញ្ជាក់ថា ការវាយប្រហារតបត លើសមរភូមិសំខាន់ នៅភាគខាងកើត បានដណ្តើមបានពាក់កណ្តាលនៃទីក្រុង Sievierodonetsk មកវិញ ។

ផ្សែងខ្មៅអាច ត្រូវបានគេមើលឃើញ ពីចម្ងាយជាច្រើនគីឡូម៉ែត្រ បន្ទាប់ពីការវាយប្រហារ លើសង្កាត់២ ដែលស្ថិតនៅឆ្ងាយនៃទីក្រុងគៀវ ។

អ៊ុយក្រែនបានអះអាងថា ការវាយប្រហារនេះ បានប៉ះពាល់ដល់កន្លែង ជួសជុលរថយន្ត ផ្លូវរថភ្លើង ហើយក្រុងម៉ូស្គូ បានឲ្យដឹងថា ខ្លួនបានបំផ្លាញរថក្រោះដែលបញ្ជូនដោយបណ្តា ប្រទេសនៅអឺរ៉ុបខាងកើត ទៅកាន់អ៊ុយក្រែន ។

យ៉ាងហោចណាស់មនុស្សម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ទោះបីជាមិនមានរបាយការណ៍ភ្លាមៗ អំពីការស្លាប់ក៏ដោយ ។

ការវាយប្រហារនេះ គឺជាការកើតឡើងភ្លាមៗ អំពីសង្រ្គាមនៅក្នុងរដ្ឋធានី ដែលជីវិតធម្មតាបានវិលត្រឡប់មកវិញ យ៉ាងទូលំទូលាយចាប់ តាំងពីកងកម្លាំងរុស្ស៊ី ត្រូវបានបណ្តេញចេញ ពីជាយក្រុងរបស់ខ្លួនក្នុងខែមីនា ។

លោក Mykhailo Podolyak ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន បានសរសេរនៅលើបណ្តាញ សង្គម Twitter ថា “វិមានក្រឹមឡាំង ងាកទៅរកការវាយប្រហារថ្មីៗ ។ ការវាយប្រហារដោយមីស៊ីលនៅថ្ងៃនេះ នៅឯទីក្រុង គៀវ មានគោលដៅតែមួយ គឺសម្លាប់ឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន” ។

ការិយាល័យរបស់លោក បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានទៅទស្សនាកងទ័ពជួរមុខ នៅក្នុងតំបន់ Zaporizhzhia ភាគអាគ្នេយ៍ ផងដែរ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top