ព័ត៌មានអន្តរជាតិ

Update៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បាញ់មីស៊ីលចំនួន៨គ្រាប់ ឆ្លើយតបទៅនឹងការបាញ់សាកល្បង មីស៊ីលផ្លោង របស់កូរ៉េខាងជើង

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ថា មន្ត្រីមួយរូបមកពី ក្រសួងការពារជាតិកូរ៉េខាងត្បូងបានលើកឡើងថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានបាញ់ស៊ីលផ្ទៃរាបនៅព្រឹកថ្ងៃចន្ទ នេះ នៅឯឆ្នេរសមុទ្រខាងកើតរបស់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីកូរ៉េខាងជើង បានបាញ់គ្រាប់មីស៊ីលផ្លោងរយៈចម្ងាយខ្លី កាលពីថ្ងៃអាទិត្យ ។

ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង បានដកស្រង់សម្តីរបស់យោធាកូរ៉េខាងត្បូងដែលបានលើកឡើងថាសកម្មភាពនេះគឺជាការបង្ហាញពី “សមត្ថភាព និងការត្រៀមខ្លួនដើម្បីធ្វើការវាយប្រហារយ៉ាងជាក់លាក់” ប្រឆាំងនឹងប្រភពនៃការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ឬមជ្ឈមណ្ឌលបញ្ជា និងជំនួយ ។

លោក Yoon Suk-yeol ប្រធានាធិបតីកូរ៉េខាងត្បូង ដែលបានចូលកាន់តំណែងកាលពីខែមុន បានប្តេជ្ញាប្រកាន់ជំហរដ៏តឹងរ៉ឹងប្រឆាំងនឹងកូរ៉េខាងជើង និងបានយល់ព្រមជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅក្នុងកិច្ចប្រជុំកំពូលខែឧសភា ក្នុងទីក្រុងសេអ៊ូល ដើម្បីធ្វើឱ្យប្រសើរឡើងនូវសមយុទ្ធយោធារួមគ្នា និងឥរិយាបថរារាំងរួមបញ្ចូលគ្នារបស់ពួកគេ ។

ទីភ្នាក់ងារយ៉ុនហាប់ បានរាយការណ៍ថា យោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានបាញ់មីស៊ីលលើដីរាបចំនួន៨គ្រាប់ក្នុងរយៈពេលប្រហែល១០នាទី ដោយចាប់ផ្តើមពីម៉ោង៤និង៤៥នាទីព្រឹកនៅថ្ងៃចន្ទនេះ ដើម្បីឆ្លើយតបទៅនឹងមីស៊ីលចំនួន៨ គ្រាប់ដែលកូរ៉េខាងជើងបានបាញ់កាលពីថ្ងៃអាទិត្យ ។

មន្ត្រីម្នាក់មកពីក្រសួងការពារជាតិកូរ៉េខាងត្បូងបានបញ្ជាក់ថា ប្រព័ន្ធកាំជ្រួចយុទ្ធសាស្ត្រកងទ័ព (ATACMS) ចំនួន៨គ្រាប់ត្រូវបានបាញ់ ។

គួរបញ្ជាក់ថា មីស៊ីលផ្លោងរយៈចម្ងាយខ្លីរបស់កូរ៉េខាងជើង ដែលបានបាញ់ឆ្ពោះទៅសមុទ្រនៅឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនកាលពីថ្ងៃអាទិត្យ ទំនងជាការសាកល្បងតែមួយដ៏ធំបំផុតរបស់ខ្លួន ហើយបានកើតឡើងមួយថ្ងៃ បន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានបញ្ចប់ការសមយុទ្ធយោធារួមគ្នា ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top