កីឡា

UEFA នឹងរៀបចំការ ប្រកួតកីឡាបាល់ទាត់ អន្តរជាតិ សម្រាប់ជនភៀសខ្លួន

អឺរ៉ុប ៖ ស្ថាប័នគ្រប់គ្រងការ ប្រកួតកីឡាបាល់ទាត់ នៅអឺរ៉ុបនិយាយថា យើងនឹងបើកព្រឹតិ្តការណ៍ការប្រកួតកីឡា បាល់ទាត់ Unity Euro Cup ដោយមានក្រុមចំនួន៨ ក្រុមចូលរយម ហើយនឹងប្រព្រឹត្ត ទៅនៅប្រទេសស្វីស យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។

ការប្រកួតបាល់ទាត់អន្តរជាតិថ្មី សម្រាប់ជនភៀសខ្លួន នឹងធ្វើឡើងនៅចុងខែនេះ ។ ក្រុមនឹងត្រូវបានបង្កើតឡើង ដោយជនភៀសខ្លួន ៧០ ភាគរយ និងកីឡាករមិនមែនជនភៀសខ្លួន ៣០ភាគរយ ហើយវា នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែមិថុនានៅទីក្រុង Nyon ប្រទេសស្វីស ជាកន្លែងដែលទីស្នាក់ការរបស់ UEFA មានមូលដ្ឋាន ។

Unity Euro Cup គឺជាការប្រកួតមិត្តភាព ហើយនឹងមានក្រុមមកពីប្រទេសអូទ្រីស បែលហ្សិក អាល្លឺម៉ង់ បារាំង អ៊ីតាលី ម៉ាល់តា សាធារណរដ្ឋអៀរឡង់ និងស្វីស។ គោលបំណងរបស់វាដើម្បីពង្រឹង ទំនាក់ទំនងរវាងសហគមន៍ និងជនភៀសខ្លួនតាមរយៈបាល់ទាត់ ចំណែកការប្រកាស នៃការប្រកួតនេះត្រូវបានធ្វើឡើងក្នុងទិវាជនភៀសខ្លួន ពិភពលោក ។

UEFA បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយទីភ្នាក់ងារជនភៀសខ្លួនអង្គការ សហប្រជាជាតិ កាលពីឆ្នាំមុនជាផ្នែកនៃយុទ្ធសាស្ត្រ កម្លាំងតាមរយៈឯកភាព របស់ខ្លួន ។ លោក Michele Uva ប្រធានផ្នែកបាល់ទាត់ និងទំនួលខុសត្រូវ សង្គមរបស់ UEFA បាននិយាយថា ថ្ងៃនេះ ក្នុងទិវាជនភៀសខ្លួន ពិភពលោក UEFA ផ្តល់កិត្តិយសដល់កម្លាំង និងភាពក្លាហានរបស់ជនភៀសខ្លួន រួមជាមួយ UNHCR ។

គោលដៅរួមរបស់យើងគឺ ដើម្បីជួយជនភៀសខ្លួន អ្នកស្វែងរកសិទ្ធិជ្រកកោន និងជនភៀសខ្លួន ខាងក្នុងឲ្យមានសុខភាពល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយក្លាយជាផ្នែកមួយនៃសហគមន៍ ម្ចាស់ផ្ទះរបស់ពួកគេតាមរយៈថាមពលនៃបាល់ទាត់៕

Most Popular

To Top