សេអ៊ូល ៖ យោងតាមសារព័ត៌មាន កាលពីថ្ងៃទី២៣ ខែមិថុនា បានឲ្យដឹងថា តារាសម្ដែង នាង Kim Sae Ron កំពុងស្ថិតក្នុងដំណាក់កាល ចុងក្រោយ នៃការបញ្ចប់ការតាំងទីលំនៅ ជាមួយនឹងអគារ និងអាជីវកម្មផ្សេងៗ រងផលប៉ះពាល់ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងនៅព្រឹកថ្ងៃទី១៨ ខែឧសភា នេះបើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop ។
សេចក្តីរាយការណ៍បានបង្ហើបថា Kim Sae Ron បានខិតខំប្រឹងប្រែង ចុះទៅសួរសុខទុក្ខគ្រប់អាជីវកម្ម ក្នុងតំបន់ដែលរងគ្រោះដោយឧបទ្ទវហេតុរបស់នាង ខណ:តារាស្រីរូបនេះ បានទៅបុកបង្គោល ភ្លើង នៅចិញ្ចើមផ្លូវបណ្តាល ឲ្យដាច់ចរន្តអគ្គិសនី បណ្តោះអាសន្ន ។ ការងារជួសជុល ដើម្បីស្ដារចរន្តអគ្គិសនី នៅតំបន់នោះត្រូវចំណាយ ពេលប្រហែល ៥ ម៉ោង ហើយអាជីវកម្មមួយចំនួន ត្រូវបិទទ្វារពេញមួយថ្ងៃ ដោយសារតែការដាច់ ចរន្តអគ្គិសនី និងប្រព័ន្ធដំណើរការទូទាត់ ដំណើរការខុសប្រក្រតី ។
ឥឡូវនេះនាងKim Sae Ron បានសុំទោសម្ចាស់អាជីវកម្មនៅតំបន់នោះផ្ទាល់ ដោយបានផ្តល់សំណង ដល់អគាររងផល ប៉ះពាល់ផងដែរ។ កន្លងមកមានដំណឹងថា នាង Kim Sae Ron បានចេញថ្លៃដូរប្រអប់ប្លែង ដែលនាងបុកពេលនាង ជួបគ្រោះថ្នាក់ ។ ទន្ទឹមនឹងនេះ ភ្លាមៗបន្ទាប់ពីព័ត៌មាន នៃគ្រោះថ្នាក់រថយន្ត DUI របស់នាងបានធ្វើឲ្យមាន ចំណងជើងថា Kim Sae Ron បានចែករម្លែកការសុំទោស តាមរយៈ SNS របស់នាង ។
នាងបាននិយាយថា ខ្ញុំបានប្រព្រឹត្តកំហុសដ៏ធ្ងន់ធ្ងរមួយ ខណៈពេលដែលស្ថិតនៅក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង ដោយសារតែការសម្រេចចិត្ត និងសកម្មភាពមិន សមរម្យរបស់ខ្ញុំ ខ្ញុំបានធ្វើឲ្យខូចខាតដល់មនុស្សជាច្រើន រួមទាំងអាជីវកម្ម និងម្ចាស់អាជីវកម្មក្នុងតំបន់ ជនស៊ីវិល និងបុគ្គលិកសេវា សាធារណៈ។ ខ្ញុំបានបរាជ័យ ធ្វើសកម្មភាពដោយគិតគូរ និងទទួលខុសត្រូវ ខ្ញុំសូមអភ័យទោស ដោយស្មោះចំពោះឧបទ្ទវហេតុនេះ៕ ដោយ៖លី ភីលីព