ភ្នំពេញ៖លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក Jonathan Stubbs មកពីសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ “កីឡាវាយកូនបាល់ ITF” លោក ជា ពៅ អគ្គលេខាធិការនៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា នាថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២២ បិទវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាវាយកូនបាល់ ITF/OS ថ្នាក់តំបន់កម្រិតដំបូងសម្រាប់ឣត្តពលិកនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
វគ្គបណ្ដុះបណ្ដាលខាងលើកនេះដោយមានគ្រូបង្វឹក៣ប្រទេសចូលរួមបង្រៀន ក្រោមការសហការពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា “NOCC” និង ឧបត្តម្ភពី OS រៀបចំដោយសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា។
លោក ជា ពៅ អគ្គលេខាធិការនៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា និងជាមន្រ្តីសម្របសម្រួលវគ្គបានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាវាយកូនបាល់ ITF/OS ថ្នាក់តំបន់កម្រិតដំបូងសម្រាប់ឣត្តពលិកដែលមានរយៈពេល១២ថ្ងៃចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ដោយមានសិក្ខាកាមចំនួន១៩នាក់មក៥ប្រទេសរួមមានកម្ពុជា មីយ៉ាន់ម៉ា ទីម័រ បង់ក្លាដែស និងហ្វីជី ។ គ្រូឧទ្ទិសមានចំនួន៣នាក់ដូចជាលោក Jonathan Stubbs លោក Gary Pucell និងលោក Amir Borghei មកពីសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ “ITF”។
វគ្គមានសារសំខាន់ណាស់ចំពោះសិក្ខាកាមជាគ្រូបង្វឹកកីឡាវាយកូនបាល់ ITF/OS ថ្នាក់តំបន់កម្រិតដំបូងចូលរួមដោយយើងមានសិក្សាទ្រឹស្តី និងអនុវត្តមានលើទីលានភ្លាមៗ ដើម្បីអភិឌ្ឍនសមត្ថភាពក្នុងការពង្រឹងបច្ចេកទេសជាគ្រូបង្វឹកកីឡាវាយកូនបាល់តាមបណ្តាខេត្ត និងតំបន់របស់ប្រទេសនីមួយៗ។
លោកបានបន្តថា ក្រោយពីសិក្សាអស់រយៈពេល១២ថ្ងៃសិក្ខាកាមទំាងអស់បានធ្វើតេស្តិ៍សាកល្បងសមត្ថភាពអនុវត្តជាក់ស្តែងរបស់ពួកគាត់ និងស្តាប់ការណែនាំកែតម្រូវពីលោកគ្រូឧទ្ទេស ហើយទទួលបានវាយតម្លៃវគ្គសិក្សាថា សិក្ខាកាមទទួលនិទ្ទេសល្អ ៧០ភាគរយ សិក្ខាកាមទទួលនិទ្ទេសល្អបង្គួរ ៣០ភាគរយ ចំពោះសិក្ខាកាមទាំងអស់បានយល់ដឹងយ៉ាងឆាប់រហ័សក្នុងការវគ្គបណ្តុះបណ្តាលខាងលើនេះ ព្រោះភាពច្រើនសុទ្ធសឹងតែជាគ្រូមូលដ្ឋានជំនាញ និងកីឡាវាយកូនបាល់ ព្រមទំាងជាមន្រ្តីពាក់ព័ន្ធក្នុងកីឡា៕