កីឡា

បិទវគ្គបណ្តុះបណ្តាល បច្ចេកទេសកីឡា ទ្រីយ៉ាត្លុងខេត្តកែប ដើម្បីពង្រឹងសមត្ថភាព ត្រៀម SEA GAMES 2023

ខេត្តកែប ៖ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ លោក ព្រុំ គន្ធី អភិបាលរង នៃគណៈអភិបាលខេត្តកែប លោក Vijitr Sittiawin ប្រធានសហព័ន្ធកីឡា ទ្រីយ៉ាត្លុងថៃឡងដ៍ និង ជាប្រធានសហព័ន្ធ អាស៊ី លោកស្រី ម៉ក់ វណ្ណស៊ីថា អនុប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុង កម្ពុជា បានអញ្ជើញ ចូលរួមពិធីបិទវគ្គបណ្តុះបណ្តាល បច្ចេកទេសកីឡាទ្រីយ៉ាត្លុង នៅខេត្តកែប ។

លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានឲ្យដឹងថា ក្រោមគម្រោងថវិកាគាំទ្រ អភិវឌ្ឍសហព័ន្ធកីឡាជាតិ ឆ្នាំ២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាទីយ៉ាត្លុងកម្ពុជា សហការជាមួយរដ្ឋបាលខេត្តកែប បើកវគ្គបណ្តុះបណ្តាលបច្ចេកទេសកីឡាទ្រីយ៉ាត្លុង ចាប់ពីថ្ងៃទី ២៣-២៧ ខែសីហា ឆ្នាំ២០២២ នៅខេត្តកែប ដើម្បីឲ្យកីឡាករ-កីឡាការិនីជម្រើសជាតិ និង ជាគណៈកម្មការបច្ចេកទេស រៀបចំការប្រកួត បង្កើនសមត្ថភាពបន្ថែមទៀត ត្រៀមខ្លួនសម្រាប់ SEA GAMES ឆ្នាំ២០២៣ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះជា ប្រវត្តិសាស្ត្រ ។

លោកបានបន្តថា វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមរបស់ លោក Vijitr Sittiawin ប្រធានសហព័ន្ធ កីឡាទ្រីយ៉ាត្លុងថៃឡងដ៍ និង ជាប្រធានសហព័ន្ធ កីឡាទីយ៉ាត្លុងអាស៊ី។ លោកប្រធានបានអញ្ជើញ មកដើម្បីជួយបង្ហាត់បង្រៀន ដល់គណៈកម្មការ រៀបចំការប្រកួត និងកីឡាករ-កីឡាការិនីជម្រើសជាតិ និងពិនិត្យមើលទីតាំង ភូមិសាស្រ្តជាក់ស្ដែង ដើម្បីរៀបចំទីលាន ប្រកួតឲ្យស្របតាមស្ដង់ដារប្រកួតកីឡា SEA GAMES ។

វគ្គបណ្តុះបណ្តាលមានសិក្ខាកាមចំនួន ៣០នាក់ ជាអត្តពលិកជម្រើសជាតិ និងមន្ត្រី គ្រូ ខេត្តកែប ដោយផ្តោតទៅ លើទ្រឹស្តី និងការអនុវត្តជាក់ស្ដែង គឺTechnical Handbook 2023 និង Technical Corrimittee -ការអនុវត្ត ៖ ការអនុវត្តជាក់ស្ដែង គឺយើងអនុវត្តនៅឆ្នេរសមុទ្រ ។

ការសិក្សាលើ Technical Handbook 2023 និង Technical Cormittee វាមានសារសំខាន់ណាស់ ដើម្បីឱ្យអត្តព លិក និងគណៈកម្មការរៀបចំការ ប្រកួតយល់ច្បាស់ពី ច្បាប់ប្រកួតអន្តរជាតិ ឬ SEA GAMES ជៀសវាងការយល់ខុស ឬមិនបាន ដឹងពីច្បាប់ប្រកួត ការរៀបចំប្រកួតក្នុងនាម យើងជាម្ចាស់ផ្ទះត្រូវតែស្វែងយល់ឲ្យ បានគ្រប់ជ្រុងជ្រោយ និងតាមបទដ្ឋានអន្តរជាតិ។

លោកអគ្គបានបន្ថែមថា ក្នុងនាមសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈអធិបតី ក្រសួងអប់រំ យុវជន និងកីឡា ខេត្តកែប លោកគូ អ្នកគ្រូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមវគ្គបណ្តុះបណ្តាល យើងខ្ញុំសង្ឃឹមជឿជាក់ថា សិក្ខាកាម របស់យើងក្រោយបញ្ចប់វគ្គ នឹងទទួលចំណេះជំនាញបន្ថែមទៀត ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ធ្វើជាម្ចាស់ ផ្ទះកីឡា SEA GAMES ឆ្នាំ២០២៣៕

Most Popular

To Top