កីឡា

ក្រសួងអប់រំកោតសរសើរ ក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ អនុវិស័យអប់រំកាយ និងកីឡា

ភ្នំពេញ៖ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានគណៈកម្មការសិក្សាស្រាវជ្រាវរៀបចំតាក់តែងច្បាប់គ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡាតំណាងឲ្យលោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញប្រគល់ប័ណ្ណសរសើរដល់ ក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់អនុវិស័យអប់រំកាយ និងកីឡានៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។


លោក ប៊ូ ជុំសេរី បានមានប្រសាសន៍ថា ការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់នេះបានឆ្លងកាត់រយៈពេល៣ឆ្នាំ ទម្រាំសម្រេចបាននូវសមិទ្ធផលជាជំហានធំនេះ ពីព្រោះថា ការតាក់តែងនេះបានប្រមូលធាតុចូលពីក្រុមអ្នកជំនាញក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាជាតិ រួមទាំងក្រសួង-ស្ថាប័ន ពាក់ព័ន្ធជាច្រើនអ្នកជំនាញច្បាប់ រួមទាំងបានបញ្ជូលបន្ថែម កែសម្រួលជាច្រើនលើកច្រើន។ ជាមួយនឹងការខិតខំប្រឹងប្រែងរយៈពេលដ៏យូរ ទីបំផុតការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់នេះត្រូវបានបញ្ចប់ និងសម្រេចបានជាលទ្ធផលមួយជំហានធំ។


លោក បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំអស់ពីលទ្ធភាពរបស់សមាជិកសមាជិកាទាំងអស់នៃគណៈកម្មការសិក្សាស្រាវជ្រាវ រៀបចំតាក់តែងច្បាប់គ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡា ដោយទទួលបានលិខិតសរសើរ នាពេលនេះ។ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡានឹងត្រូវបន្តឆ្លងជាច្រើនដំណាក់កាលទៀត នៅគណៈរដ្ឋមន្ត្រី មុនពេលសម្រេច និងបញ្ជូនទៅសភាជាតិ។ បន្ទាប់ពីប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ ច្បាប់ស្តីពីការគ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡានេះនឹងក្លាយជាប្រទីបបំភ្លឺផ្លូវសម្រាប់វិស័យអប់រំកាយ និងកីឡាកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។


គួររំលឹកថា គណៈកម្មការសិក្សាស្រាវជ្រាវតាក់តែងច្បាប់អនុគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានដឹកនាំ និងចូលរួមអង្គប្រជុំប្រមាណ ១២៦លើក ជុំវិញការប្រមូលធាតុចូល ក្នុងការរៀបចំតាក់តែងច្បាប់កីឡានេះ ដោយចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៩ រហូតដល់ដើមឆ្នាំ២០២២។ នេះជាភាពជោគជ័យមួយជំហាន ស្របតាមផែនការរបស់ក្រសួងអប់រំ យុវជន និងកីឡា។ សេចក្តីព្រាងច្បាប់នេះនឹងជាមូលដ្ឋានគ្រឹះសម្រាប់អត្តពលិកជំនាន់ក្រោយ ក្នុងការស្រាវជ្រាវ ការងារគ្រប់គ្រងអង្គការកីឡា ការគ្រប់គ្រងសកម្មភាពហាត់ប្រាណ និងលេងកីឡានៅតាមគ្រឹះស្ថានសិក្សា ការគ្រប់គ្រងសកម្មភាពហាត់ប្រាណ និងលេងកីឡា ការគ្រប់គ្រងការរៀបចំការប្រកួត និងព្រឹត្តិការណ៍កីឡា ការគ្រប់គ្រងកីឡាករកម្រិតខ្ពស់ ការបណ្ដុះបណ្ដាលធនធានមនុស្ស ការគ្រប់គ្រងហិរញ្ញវត្ថុកីឡា ក្រមសីលធ៌មកីឡា ការដោះស្រាយវិវាទកីឡា និងការងារពាក់ព័ន្ធនានាក្នុងវិស័យកីឡារបស់ជាតិយើងជាដើម៕

Most Popular

To Top