ព័ត៌មានអន្តរជាតិ

ពលរដ្ឋចំនួន៣២នាក់ ​បាត់បង់ជីវិត នៅក្នុងហេតុការណ៍អគ្គិភ័យ ឆាបឆេះហាងខារ៉ាអូខេ នៅភាគខាងត្បូង ប្រទេសវៀតណាម

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ថា ទីភ្នាក់ងារព័ត៌មានវៀតណាម បានរាយការណ៍កាលពីថ្ងៃពុធថា អគ្គិភ័យឆាបឆេះនៅខេត្ត Binh Duong ភាគខាងត្បូងនៃប្រទេសវៀតណាម បានសម្លាប់មនុស្សចំនួន៣២នាក់ ។

យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះជាន់ទី២ និងទី៣ នៃហាងខារ៉ាអូខេ៣ជាន់ ក្នុងស្រុកមួយកាលពីយប់ថ្ងៃអង្គារ ហើយបានរីករាលដាលយ៉ាងឆាប់រហ័ស ដោយជាប់គាំងបុគ្គលិក និងអតិថិជននៅខាងក្នុងនោះ ។

គ្រោះថ្នាក់នេះបានកើតឡើង បណ្តាលឲ្យមនុស្សចំនួន៣២នាក់ស្លាប់ ក្នុងនោះប្រុស១៦នាក់ និងស្រី១៦នាក់ គិតត្រឹមម៉ោង៨យប់ ម៉ោងងក្នុងស្រុក ត្រូវម៉ោង១៣និង០០នាទីថ្ងៃពុធ ។

ទីភ្នាក់ងារព័ត៌មានបានដកស្រង់សម្តី គណៈកម្មាធិការប្រជាជនខេត្ត Binh Duong ដែលបានលើកឡើងថា អគ្គិភ័យនេះបណ្តាលមកពីទុស្សេចរន្តអគ្គិសនី ហើយបានរីករាលដាលយ៉ាងឆាប់រហ័ស ខណៈដែលភ្លើងបានធ្វើឲ្យឆ្លងឆេះពូកស្នោ ការពារសំឡេង និងផ្នែកខាងក្នុង ដែលបំពាក់ដោយឈើ ។

រថយន្តពន្លត់អគ្គីភ័យ សរុបចំនួន១៣គ្រឿង និងអ្នកពន្លត់អគ្គីភ័យចំនួន៦៦នាក់ ត្រូវបានដាក់ពង្រាយ ទៅកាន់កន្លែងកើតហេតុ ហើយអគ្គិភ័យត្រូវបានគ្រប់គ្រង ក្នុងរយៈពេល១ម៉ោង ។ ទីភ្នាក់ងារព័ត៌មានបានផ្សព្វផ្សាយថា អាជ្ញាធរកំពុងស៊ើបអង្កេតបន្ថែមទៀត អំពីឧបទ្ទវហេតុនេះ ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃពុធ លោក Nguyen Xuan Phuc ប្រធានាធិបតីវៀតណាម បានចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំបំផុត ទៅកាន់ក្រុមគ្រួសារនៃជនរងគ្រោះ ដោយអគ្គីភ័យ ហើយបានស្នើឱ្យអាជ្ញាធរទាំងថ្នាក់រដ្ឋ និងថ្នាក់មូលដ្ឋានជួយឧបត្ថម្ភ ដល់គ្រួសារទាំងនោះ ។

យោងតាមការិយាល័យ ស្ថិតិរបស់ប្រទេសវៀតណាម បានឱ្យដឹងថា អគ្គិភ័យ និងការផ្ទុះសរុបមានចំនួន ១.១៤៧ករណីដែលបានកើតឡើង នៅក្នុងប្រទេសវៀតណាម ចាប់ពីខែមករាដល់ខែសីហាឆ្នាំនេះ ដោយបានសម្លាប់មនុស្ស ៦៥នាក់ និងរបួស ៦៥នាក់ ៕​ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top