កីឡា

កីឡាករជម្រើសជាតិប្រដាល់សកល៦រូប ចូលរួមការប្រកួតកីឡាប្រដាល់សកលជើងឯកអាស៊ីនៅ Jordan

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានដឹកនាំកីឡាករជម្រើសជាតិប្រដាល់សកល ចំនួន៦រូប និង គ្រូបង្វឹក២រូប ចេញទៅព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់សកលជើងឯកអាស៊ី (ASBC Asian Elite Men and Women Boxing Championships) នៅទីក្រុង Amman ប្រទេស Jordan ដែលនឹងចាប់ផ្ដើមពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២។


លោក ប៊ុយ សុភ័ណ្ឌបានប្រាប់ឲ្យដឹងថា ការប្រកួតលើកនេះមានសារសំខាន់ចំពោះសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាសម្រាប់វាស់ស្ទង់សមត្ថភាព និងបច្ចេកទេសក្រុមកីឡាករប្រដាល់ជម្រើសជាតិដើម្បីផ្តល់ឲ្យឳកាសចូលរួមប្រកួតជាលក្ខណៈអន្តរជាតិ ដោយសារតែក្រុមកីឡាករជម្រើសជាតិមិនសូវមានឳកាសច្រើនចេញទៅចូលរួមការប្រកួតលក្ខណៈអន្តរជាតិឡើយ។ ចំពោះការប្រកួតពិតសំខាន់ណាស់កម្រិតសមត្ថភាព និងបច្ចេកទេសរបស់ពួកគាត់ដល់កម្រិតណាក្នុងការត្រៀមលក្ខណៈបន្ថែមទៀតមុនព្រឹតិ្តការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។


លោកបានបន្តថា មួយវិញទៀត ការប្រកួតលើកនេះ លោកជឿជាក់ថា ពួកគាត់នឹងធ្វើបានល្អជាងការប្រកួតកីឡាប្រដាល់សកលកម្រិតអាស៊ីលើកមុន ដោយអាចទទួលជោគជន្នះលើកគូរប្រកួតមានកម្រិតបច្ចេកទេសប្រហែលគ្នា ហើយទទួលបានមេដាយនៃព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់សកលជើងឯកអាស៊ី។


សូម បញ្ជាក់ ថា មជ្ឈមណ្ឌល កីឡា កង យោធពលខេមរភូមិន្ទ ក្រសួង ការពារ ជាតិ ក៏មាន កីឡាករ ចំនួន ២រូប ផងដែរ កីឡាករ សៅរ៍ រង្សី និង កីឡាករ ទូច ដេវិត ប្រកួតជើងឯកអាស៊ី (ASBC Asian Elite Men and Women Boxing Championships) នៅទីក្រុង Amman ប្រទេស Jordanនេះ។

ដោយ៖លី ភីលីព

Most Popular

To Top