កីឡា

កីឡាករ-កីឡាការិនី ប៉េតង់កម្ពុជា ​ឈ្នះ៧គ្រឿង​ ការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ី លើកទី៤ នៅថៃ

ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនី កីឡាប៉េតង់កម្ពុជា ដណ្តើមមេដាយមាស ៣គ្រឿង មេដាយប្រាក់ ២គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង លើវិញ្ញាសាវាយយកពិន្ទុ វិញ្ញាសា ៣នាក់ ទល់៣នាក់ នៃព្រឹតិ្តការណ៍ការប្រកួត កីឡាប៉េតង់ជើងឯកអាស៊ី លើកទី៤ ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ម្ចាស់មេដាយមាសដំបូងរបស់កម្ពុជា​ គឺកីឡាករកម្ពុជា អ៊ុត ដួងខែ លើប្រភេទវិញ្ញាសា វាយយកពិន្ទុ អាយុក្រោម១៨ឆ្នាំ ម្ចាស់មេដាយមាសទី២ កីឡាករកម្ពុជា ថោង ឈឿង លើប្រភេទវិញ្ញាសា វាយយកពិន្ទុបុរស និងម្ចាស់មេដាយមាសទី២ លើវិញ្ញាសាបុរស ៣នាក់ ទល់៣នាក់ គឺ កីឡាករ ថោងឈឿន កីឡាករ យឹម សុភ័ណ្ឌ កីឡាករ សៅ សុភារ៉ាន់ និងកីឡាករ តិប នរ៉ា។

ចំណែកកីឡាការិនីកម្ពុជា អ៊ុន ស្រីយ៉ា ទទួលបានមេដាយប្រាក់ លើវាយយកពន្ទុ និងមេដាយប្រាក់មួយទៀត លើវិញ្ញាសានារី ៣នាក់ទល់៣នាក់ រួមមានកីឡាការិនី អ៊ុក ស្រីមុំ កីឡាការិនី អ៊ុន ស្រីយ៉ា កីឡាការិនី ឃួន យ៉ារី និងកីឡាការិនី អ៊ុំ ដាវីន។

រីឯមេដាយសំរិទ្ធ២វិញ៖ មេដាយសំរិទ្ធលើវិញ្ញាសាបុរស ៣នាក់ទល់ ៣នាក់៖ កីឡាករ ហេង ស៊ូមៀន កីឡាករ ស៊ីន វង់ កីឡាករ ញ៉ែម បូរ៉ា និងកីឡាករ ពុធយ៉ុន ច័ន្ទដារ៉ា និងមេដាយសំរិទ្ធ១គ្រឿងទៀត លើវិញ្ញាសាយុវជន ៣នាក់ទល់៣នាក់ អាយុក្រោម ១៨ឆ្នាំ៖ កីឡាករ ភាព ផាឃិន កីឡាករ អ៊ុត សុខជា កីឡាការិនី ហាក់ ស្រីនុត និងកីឡាករ នូច សុខេមរៈ។

គណៈប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនីប៉ូល និងប៉េតង់កម្ពុជាចំនួន ២៧ នាក់គឺលោក ស៊ុម សុជាតិ ប្រធានប្រតិភូ កញ្ញា គីន សំណាង អនុប្រធានប្រតិភូ លោក ហៀន ថាវិរៈ លេខាធិការដ្ឋាន។ ចំពោះក្រុមបុរស៖ លោក អ៊ឹម ផាត គ្រូបង្វឹក កីឡាករ សៅ សុភារ៉ាន់ កីឡាករ យឹម សុភ័ណ្ឌ កីឡាករ ថោង ឈឿន កីឡាករ តិប នរ៉ា កីឡាករ ហេង ស៊ូមៀន កីឡាករ ស៊ីន វង់ លោក ញ៉ែម បូរ៉ា និងកីឡាករ ពុធយ៉ុន ច័ន្ទដារ៉ា។ ក្រុមនារី៖លោកគ្រូ សុខ ម៉ុង កីឡាការិនី អ៊ុន ស្រីយ៉ា កីឡាការិនី ឃួន យ៉ារី កីឡាការិនី អ៊ុក ស្រីមុំ និង កីឡាការិនី អ៊ុ ដាវីន។

ចំណែកក្រុមយុវជន៖លោកគ្រូ អ៊ុក យ៉ារី អ្នកគ្រូ ជុំ ច័ន្ទថុល កីឡាករ ម៉ុង វិរៈបុត្រ កីឡាករ អ៊ុត ដួងខែ កីឡាករ នន់ រ៉ាវីន កីឡាករ ជា ហេងឧត្តមរស្មី កីឡាការិនី ហាក់ ស្រីនុត កីឡាករ ភាព ផាឃិន កីឡាករ អ៊ុត សុខជា និងកីឡាករ នូច សុខេមរៈ៕ ដោយ៖លី ភីលីព

Most Popular

To Top