បរទេស៖ អ្នកប្រើប្រាស់ផ្កាយរណប Starlink របស់អ៊ុយក្រែនកំពុងទាមទារចម្លើយពីនាយកប្រតិបត្តិគឺលោក Elon Musk ជុំវិញការដំឡើងតម្លៃដែលបានស្នើឡើងចំពោះអ៊ីនធឺណិតតាមផ្កាយរណបរបស់ពួកគេ, នេះបើយោងតាម tweets ជាច្រើនដែលបានបង្ហោះកាលពីថ្ងៃអង្គារ។ លោក Dimko Zhluktenko ស្ថាបនិកនៃអង្គការក្រៅរដ្ឋាភិបាលដែលផ្គត់ផ្គង់យោធាជាមួយនឹងចានផ្កាយរណប Starlink បានថ្កោលទោសការកើនឡើងតម្លៃ ១០ ដុល្លារដែលត្រូវបានពិពណ៌នានៅក្នុងរូបថតអេក្រង់ដែលផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “មិនល្អ” ប៉ុន្តែបានសន្យាថានឹង “ស្វែងរកដំណោះស្រាយដែលមានប្រសិទ្ធភាព” ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកប្រើប្រាស់បានរាយការណ៍ថា បានទទួលអ៊ីមែលពី Starlink ដោយជូនដំណឹងដល់ពួកគេអំពីតម្លៃសេវាប្រចាំខែរបស់ពួកគេនឹងកើនឡើងពី ៦៥ ដុល្លារទៅ ៧៥ ដុល្លារ ខណៈដែលតម្លៃចានផ្កាយរណបត្រូវបានកំណត់ឡើងពី ៥០០ ដុល្លារទៅ ៧០០ ដុល្លារ។ ថ្លៃសេវាថ្មីត្រូវបានកំណត់ឱ្យចូលជាធរមាននៅថ្ងៃទី ២៩ ខែធ្នូ ប៉ុន្តែ “ប្រសិនបើអ្នកមិនចង់បន្តសេវាកម្មរបស់អ្នក អ្នកអាចលុបចោលនៅពេលណាក៏បាន” ។
អ្នកប្រើប្រាស់ Twitter ជនជាតិអ៊ុយក្រែនម្នាក់ទៀត ឈ្មោះ Roman Kyryliuk បានទាមទារឱ្យដឹងពី “ហេតុផលអ្វីខ្លះដែលជះឥទ្ធិពល” ការកើនឡើងតម្លៃ ដោយបានរំឭកលោក Musk ថា “ស្ថានភាពហិរញ្ញវត្ថុមិនល្អនៅទីនេះ” ៕ប្រែសម្រួលៈ ណៃ តុលា