គៀវ៖ រលកថ្មីនៃការវាយប្រហារ ដោយយន្តហោះដ្រូន បានវាយប្រហារអ៊ុយក្រែន ពេញមួយយប់កាលពីថ្ងៃសៅរ៍ដោយបានធ្វើឱ្យមនុស្ស ១,៥លាននាក់គ្មានថាមពលប្រើប្រាស់នៅក្នុងទីក្រុង Odesa ។
ការវាយប្រហារនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រុស្សី ក្នុងការបំបាក់ស្មារតីរបស់អ៊ុយក្រែន នៅពេលដែលសីតុណ្ហភាពរដូវរងាធ្លាក់ចុះ ដោយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងទីក្រុងធំៗទូទាំងប្រទេស។
ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា មនុស្សជាង ១,៥លាននាក់នៅក្នុងទីក្រុងកំពង់ផែភាគខាងត្បូង និងតំបន់ជុំវិញមិនមានអគ្គិសនីប្រើប្រាស់។ លោកបានពណ៌នាអំពីស្ថានភាពនេះថាជាស្ថានភាពលំបាកខ្លាំងណាស់។
រដ្ឋបាលតំបន់បានឲ្យដឹងថាប្រជាជនដែលពឹងផ្អែកតែលើអគ្គិសនី ដើម្បីផ្តល់ថាមពលដល់ផ្ទះរបស់ពួកគេគួរតែពិចារណាចាកចេញ។ ក្រុមមន្ត្រីបានឲ្យដឹងថា ការវាយប្រហាររបស់រុស្ស៊ីបានវាយប្រហារទៅលើខ្សែបញ្ជូន និងឧបករណ៍សំខាន់ៗនៅព្រឹកព្រលឹមថ្ងៃសៅរ៍។
យោធាអ៊ុយក្រែនបានឲ្យដឹងថា យន្តហោះដ្រូនធុន Shahed-136 របស់អ៊ីរ៉ង់ ត្រូវបានប្រើប្រាស់ម្តងទៀតក្នុងចំនួនដ៏ច្រើន បន្ទាប់ពីក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស បានឲ្យដឹងថាការផ្គត់ផ្គង់អាវុធដំបូងបានអស់ហើយ។
មហាអំណាចលោកខាងលិច បានព្យាយាមបញ្ជូនកាំជ្រួចមីស៊ីលទៅឲ្យអ៊ុយក្រែន និងកាំភ្លើងប្រឆាំងយន្តហោះដែលល្អបំផុតសម្រាប់ការបាញ់ទម្លាក់យន្តហោះដ្រូន។ កាលពីថ្ងៃសៅរ៍ សហរដ្ឋអាមេរិក និងអាល្លឺម៉ង់បានប្រកាសពីការផ្តល់សព្វាវុធថ្មីដល់ទីក្រុងគៀវផងដែរ។
សហរដ្ឋអាមេរិកបានឲ្យដឹងថា ខ្លួននឹងបញ្ជូនកាំភ្លើងធំចំនួន ៨ម៉ឺនដើម ដែលអ្នកជំនាញបានឲ្យដឹងថានឹងមានរយៈពេលតិចជាង ២០ថ្ងៃក្នុងអំឡុងពេលនៃការវាយលុកដ៏ធំមួយ៕
