កីឡា

ក្រុមអត្តពលិកក្រសួង ការពារជាតិ ឈ្នះដណ្តើម បានមេដាយមាស ១ គ្រឿង និងប្រាក់ ១ គ្រឿង ការប្រកួតកីឡា វាយកូនបាល់ជើងឯក ប្រចាំឆ្នាំ២០២២

ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីក្រសួងការពារជាតិ ដណ្តើម បានមេដាយមាស ១ គ្រឿង និងប្រាក់ ១ គ្រឿង នៃការប្រកួតកីឡា វាយកូនបាល់ ជ្រើសរើសជើង ឯកប្រចាំឆ្នាំ២០២២មានកីឡាករ – កីឡាការិនីចូលរួមចំនួន៤៩នាក់ នៅទីលានហ្វឹកហាត់ របស់សហព័ន្ធ ក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិក រាជធានីភ្នំពេញ ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា រៀបចំដោយសហព័ន្ធ កីឡាវាយកូនបាល់កម្ពុជា ។

លោក ជា ពៅ អគ្គលេខាធិការរង នៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានប្រាប់ឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២២ ខែធ្នូ យើងបានរកឃើញ ម្ចាស់មេដាយមាស ចំនួន ២វិញ្ញាសា គឺវិញ្ញាសាវាយឯកត្តជនារី ៖ មេដាយមាសបានទៅលើកីឡាការិនី ញ៉ែម ស្រីនុច ខេត្តសៀមរាប មេដាយប្រាក់ បានទៅលើកីឡាការិនី ឡៅ ពេជ្ររស្មី ក្រសួងសេដ្ឋកិច្ច និង មេដាយសំរិទ្ធបានទៅលើកីឡាការិនី ច័ន្ទ សុវណ្ណលីនណា ខេត្តសៀមរាប ។

វិញ្ញាសាវាយគូបុរស ៖ មេដាយមាសបានទៅលើកីឡាករ ឡុង សំនៀង និងកីឡាករ ឱ សារិទ្ធ ក្រសួងការពារជាតិ មេដាយប្រាក់បានទៅលើកីឡាករ ឃ្លាំង ពន្លក និងកីឡាករ អ៊ិត ប៊ុនធា ក្រសួងការពារជាតិ និង មេដាយសំរិទ្ធបានទៅលើកីឡាករ យឿន សុធឿន និងកីឡាករ ទេព ទីម៉ូធី ខេត្តកណ្តាល។
ការប្រកួតកីឡាវាយ កូនបាល់ ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២២ កីឡាករ-កីឡារិនីមកពីក្លិបកីឡាវាយកូនបាល់ ខេត្តសៀមរាប ក្លិបកីឡាវាយកូន បាល់ ខេត្តព្រៈវិហារ ក្លិបកីឡាវាយកូនបាល់ខេត្តកណ្តាល ក្លិបកីឡាវាយកូនបាល់សេដ្ឋកិច្ច ក្លិបកីឡាវាយកូនបាល់ ក្រសួងការពារជាតិ និងក្លិបកីឡា វាយកូនបាល់ឌីវិនកូ ។ លោកបានបន្តថា ឆ្នាំនេះសហព័ន្ធបានដាក់៤វិញ្ញាសា គឺវិញ្ញាសាឯកត្តជនបុរស វិញ្ញាសាឯកត្តជននារី វិញ្ញាសាវាយគូបុរស និងវិញ្ញាសាវាយគូនារី ៕

Most Popular

To Top