បរទេស៖ លោកប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានវាយតម្លៃក្នុងអំឡុងពេល កិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយថា ឥរិយាបថត្រៀមខ្លួន និងការហ្វឹកហ្វឺនរបស់យោធាកូរ៉េខាងត្បូង គឺមានការ “ខ្វះខាតយ៉ាងខ្លាំង” ដូចដែលបានបង្ហាញឱ្យឃើញ ពីការញុះញង់នាពេលថ្មីៗនេះ នៃយន្តហោះគ្មានមនុស្សបើក របស់កូរ៉េខាងជើង។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការ ចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានយ៉ុនហ៉ាប់ថា ទីក្រុងសេអ៊ូល ចាំបាច់ត្រូវបង្កើនសមត្ថភាពរបស់ខ្លួន បន្ទាប់ពីមានឧបទ្ទវហេតុកាលពីថ្ងៃចន្ទ ដោយមេដឹកនាំកូរ៉េខាងត្បូង បានប្រាប់ក្រុមរដ្ឋមន្ត្រីបែបនេះនៅថ្ងៃអង្គារ ។ លោកបានអះអាងថា ប្រទេសរបស់លោកបានដឹងពី “គ្រោះថ្នាក់នៃគោលនយោបាយ កូរ៉េខាងជើងដែលពឹងផ្អែកលើចេតនាល្អ របស់កូរ៉េខាងជើង និងកិច្ចព្រមព្រៀងយោធា”។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានឱ្យដឹងថា ការលុកលុយមានរយៈពេល រហូតដល់ប្រាំពីរម៉ោង ដោយកាលពីថ្ងៃច័ន្ទ យោធាបានរាយការណ៍ថា យ៉ាងហោចណាស់យន្តហោះគ្មានមនុស្សបើក របស់កូរ៉េខាងជើងចំនួន ៥ គ្រឿងត្រូវបានរកឃើញនៅក្នុងតំបន់ផ្សេងៗ នៃប្រទេសកូរ៉េខាងត្បូង រួមទាំងនៅជិតកោះ Gyodong និងរវាងទីក្រុង Gimpo និង Paju ។ យន្តហោះធុនស្រាលយោធាមួយគ្រឿង បានបាត់ក្នុងអំឡុងពេលឆ្លើយតប។
លោកប្រធានាធិបតី Yoon បានសន្យាថា នឹងពន្លឿនការបង្កើតអង្គភាពដ្រូន ដែលមានបំណងធ្វើប្រតិបត្តិការ ឈ្លបយកការណ៍ប្រឆាំងនឹងកូរ៉េខាងជើង ដោយលោកបានសន្យាថា វានឹងត្រូវដើរទៅមុខ «តាមដែលអាចធ្វើទៅបាន» ៕
ប្រែសម្រួលៈ ណៃ តុលា