ព័ត៌មានអន្តរជាតិ

នាវាចម្បាំងដ៏មានឥទ្ធិពលបំផុត មួយរបស់អង់គ្លេស ត្រូវជួសជុល បន្ទាប់ពីចំណាយពេល ២៦៧ថ្ងៃ នៅលើសមុទ្រ

បរទេស៖ កាសែត The Times បានរាយការណ៍កាលពីថ្ងៃចន្ទថា កប៉ាល់ដ៏ធំបំផុតរបស់កងទ័ពជើងទឹក Royal Navy របស់ចក្រភពអង់គ្លេស ដែលជានាវាផ្ទុកយន្តហោះ HMS Prince of Wales បានចំណាយពេលវេលាចូលចត សម្រាប់ការជួសជុលច្រើនជាងការ បំពេញកាតព្វកិច្ចចាប់តាំងពី នាវានេះត្រូវបានបញ្ជូនក្នុងឆ្នាំ ២០១៩ ចូលបេសកកម្មមក។ បច្ចុប្បន្ន នាវាកំពុងចតនៅក្នុងកន្លែងចំណត នៅប្រទេសស្កុតឡេន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា កាសែត The Times បានរាយការណ៍ដោយដកស្រង់តួលេខ របស់ក្រសួងការពារជាតិថា នាវាចម្បាំងតម្លៃ ៣,២ ពាន់លានផោន (៣,៨ ពាន់លានដុល្លារ) បានចំណាយពេលត្រឹមតែ ២៦៧ ថ្ងៃនៅលើសមុទ្រចាប់តាំងពី ចូលបំពេញកាតព្វកិច្ចសកម្មក្នុងខែធ្នូ ឆ្នាំ២០១៩ ។ បុណ្យណូអែលគឺជាថ្ងៃទី ២៦៨ ដែលនាវានេះបានចំណាយលើការជួសជុល។

នៅក្នុងកិច្ចប្រជុំកាលពីដើមខែនេះ ឧត្តមនាវីឯក Sir Tony Radakin ដែលជាប្រធានបុគ្គលិកការពារជាតិ បានសារភាពថា នាវាផ្ទុកយន្តហោះមួយនេះ គឺជាប្រភពនៃបញ្ហា “ខកចិត្តយ៉ាងខ្លាំង” ។

Royal Navy ពិពណ៌នាអំពី នាវា Prince of Wales ថាជា “នាវាចម្បាំងលើផ្ទៃដ៏មានឥទ្ធិពលបំផុតមួយ ដែលមិនធ្លាប់មាននៅក្នុងចក្រភពអង់គ្លេស” ។ មានសមត្ថភាពបាញ់បង្ហោះ យន្តហោះចម្បាំងពហុមុខងារ F-35B ចុងក្រោយបង្អស់របស់អង្គការណាតូ កន្លែងហោះហើររបស់វាមានទទឹង ៧០ ម៉ែត្រ និងបណ្តោយ ២៨០ ម៉ែត្រ ហើយជាមួយនឹងយន្តហោះ នៅលើយន្តហោះ វាត្រូវការនាវិកប្រហែល ១ ៤០០ នាក់ដើម្បីធ្វើប្រតិបត្តិការ ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top