កីឡា

ក្រុមយុវជន ភូមិទឹកឃ្លាំង លើកពាន នៃការប្រកួតកីឡាបាល់ទាត់ ដណ្ដើមពានរង្វាន់យុវជន អាយុក្រោម ២២ ឆ្នាំ ប្រចាំស្រុកល្វាឯម ឆ្នាំ២០២២

ស្រុកល្វាឯម ៖ ក្រុមបាល់ទាត់ យុវជន ភូមិទឹកឃ្លាំង (ឃុំទឹកឃ្លាំង) បានគ្រងតំណែងជើងឯក នៃព្រឹត្តិការណ៍ការ ប្រកួតកីឡាបាល់ទាត់ ដណ្ដើមពានរង្វាន់ យុវជនអាយុក្រោម ២២ ឆ្នាំ ប្រចាំស្រុកល្វាឯមឆ្នាំ២០២២ ដោយទទួលបានការ ឧបត្ថម្ភទាំងស្មារតី សម្ភារៈ និងថវិកាអំពីសំណាក់លោក ជាប ដាវុធ អនុប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកល្វាឯម ទទួលបន្ទុកការងារយុវជន ។

នាថ្ងៃទី១៥ ខែ មករា ឆ្នាំ២០២៣ លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុក និងលោក សែម សោត្ថី ប្រធានក្រុមប្រឹក្សាស្រុក បានអញ្ជើញជាអធិបតីក្នុងពិធីបិទ ការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់យុវជនអាយុក្រោម ២២ ឆ្នាំប្រចាំស្រុកល្វាឯមឆ្នាំ២០២២ នៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង ។

ការប្រកួតពានរង្វាន់យុវជនអាយុ ២២ ឆ្នាំ ដែលជាគំនិតផ្តួចផ្តើម របស់លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម ផ្ទាល់ក្នុងការអភិឌ្ឍន វិស័យកីឡា ជំរុញ និងលើកទឹកចិត្តដល់យុវជន យុវតីឲ្យលេង កីឡាទំាងអស់គ្នា ដើម្បីឲ្យចៀសផុត ពីគ្រឿងអបាយប្រមុខផ្សេងៗ ដែលនាំឲ្យប៉ះពាល់កិត្តិយស គ្រួសារ ខ្លួនផ្ទាល់ និងប្រទេសជាតិទំាងមូល ។

ការប្រកួតបាល់ទាត់បុរស៖ ក្រុមបាល់ទាត់យុវជន ភូមិទឹកឃ្លាំង (ឃុំទឹកឃ្លាំង) គ្រងតំណែងជើងឯក ឆ្នាំ២០២២ ក្រុមបាល់ទាត់អធិរាជជ្រោយពិសី គ្រងតំណែងជើងឯករង និងក្រុមបាល់ទាត់យុវជន ឃុំសារិកាកែវ ទទួលបានចំណាត់ថ្នាក់លេខ ៣ និងក្រុមបាល់ទាត់យុវជន ឃុំព្រែកឬស្សី ទទួលបាន-ចំណាត់ថ្នាក់លេខ ៤ ។

ចំណែកការប្រកួតបាល់ទាត់ផ្នែកនារី៖ ក្រុមបាល់ទាត់នារី វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង គ្រងតំណែងជើងឯក ឆ្នាំ២០២២ ក្រុមបាល់ទាត់នារី វិទ្យាល័យ ហ៊ុន សែនល្វាសរ គ្រងតំណែងជើងឯករង ក្រុមបាល់ទាត់នារី វិទ្យាល័យហ៊ុន សែន ពាមឧកញ៉ាអុងទទួលបានចំណាត់ថ្នាក់លេខ ៣ និងក្រុមបាល់ទាត់នារី ភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំងទទួលបានចំណាត់ថ្នាក់លេខ៤៕

Most Popular

To Top