កីឡា

លោក ម៉ុង គឹមហេង​ ៖ ការប្រកួត SEA GAMES 2023 លើកទី៣២ នៅសល់តែ ១០៥ ថ្ងៃទៀតប៉ុណ្ណោះ

ភ្នំពេញ ៖ លោក ម៉ុង គឹមហេង រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រធានសហព័ន្ធកីឡាវ៉ូវីណាមអាស៊ីអាគ្នេយ៍ និងប្រធានកិត្តិយស សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងលោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣បានអញ្ជើញ ចូលរួមពិធីបិទការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកយុវជន គិរីសួគ៌ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

លោក ម៉ុង គឹមហេង បានមានប្រសាសន៍ថា នៅសល់តែ ១០៥ ថ្ងៃទៀតប៉ុណ្ណោះ ដែលព្រឹត្តការណ៍ជាប្រវត្តិសាស្ត្រ យើងទាំងអស់គ្នាកំពុង ទន្ទឹងរង់ចាំនឹងមកដល់ នោះគឺការប្រកួត SEA GAMES លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ សារនេះចង់រម្លឹកក៏ដូចជាពញ្ញាក់ស្មារតីដល់ថ្នាក់ដឹកនាំ មន្ត្រី គ្រូបង្វឹក កីឡាករ ជម្រើសជាតិ ទាំងអស់ កុំឲ្យភ្លេចខ្លួនថា យើងកំពុងតែមានបេសកកម្មរួម មួយដ៏មានតម្លៃជាប្រវត្តសាស្ត្រ ហើយមិនអាចកាត់ថ្លៃ បានសម្រាប់ខ្លួនយើង ក្រុមគ្រួសារយើង និងប្រទេសជាតិយើង ។

លោករដ្ឋលេខាធិការ បានបន្តថា ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណ ដល់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេ ជោ ហ៊ុន សែន លោកតែងតែយក ចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់កីឡាករ -កីឡាការិនីយើង ជាពិសេសសម្តេចលោក នឹងផ្តល់កិត្តិយសដ៏ឧដុង្គឧត្តមបំផុត អនុញ្ញាតដល់ថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ កីឡាការិនីយើង ក្នុងជំនួបជាមួយសម្តេច នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ ។
កីឡាករ-កីឡាការនីទាំងអស់ ដែលបាខិតខំហ្វឹកហាត់នៅតាមបណ្តាក្លិបនានា និងសូមបន្តខិតខំហ្វឹកហាត់បន្ថែមទៀត ក្មួយៗជាទំពាំងមានគុណភាព ត្រូវស្នងឬស្សី ស្នងបងៗ ពូមីងយើង ក្លាយជាកីឡាករ-កីឡាការិនី ជម្រើសជាតិនាពេលអនគត ។

ចំពោះក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាម ក្រសួងមហាផ្ទៃឈ្នះមេដាយមាស ៣ គ្រឿង ប្រាក់ ៣ គ្រឿង និងសំរិទ្ធ ១ គ្រឿង ក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាម សែនសុខឈ្នះមេដាយមាស ៣ គ្រឿង និងសំរិទ្ធ ៣ គ្រឿង ក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាមសម្បតិ្តមុន្នីឈ្នះមេដាយមាស ២ គ្រឿង ប្រាក់ ១ គ្រឿង និងសំរិទ្ធ ៤ គ្រឿង ក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាម ក្រសួងការពារឈ្នះមេដាយមាស ១ គ្រឿង ប្រាក់ ៣ គ្រឿង និងសំរិទ្ធ ២ គ្រឿង និងក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាម តាឡីឈ្នះមេដាយមាស ១ គ្រឿង និងសំរិទ្ធ ១ គ្រឿង៕

Most Popular

To Top