កីឡា

ក្រុមអត្តពលិក បាល់ទាត់វ័យក្មេង៧២ក្រុម ចូលរួមការប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Youth League នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ នាថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០២៣ អង្គការផ្កាយសមុទ្រ (ISF) សហការជាមួយក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត AIA Cambodia រៀបចំព្រឹត្តិការណ៍ការប្រកួតបាល់ ទាត់កុមារ និងយុវជន AIA – ISF Youth League ដែលជាឆ្នាំទី៦នៅប្រព្រឹត្តទៅទីលានបាល់ទាត់ AIA Stadium ក្នុងគោលបំណងរួមចំណែកលើកស្ទួយ និងអភិវឌ្ឍវិស័យកីឡាបាល់ទាត់ថ្នាក់មូលដ្ឋានក៏ដូចជាផ្តល់ឱកាស ដល់កុមារ និងយុវជនក្រីក្រ ដើម្បីបង្ហាញសមត្ថភាពរបស់ខ្លួន និងសម្រេចក្តីស្រមៃរបស់ពួកគេទៀតផង ។

ក្នុងឱកាសបើកជាផ្លូវការ ដោយមានការអញ្ជើញចូលរួមពីអ្នកស្រី ជួប វិច្ឆិកា ជាប្រធានអង្គការផ្កាយសមុទ្រ លោក Andrew Loh ជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia លោក ជួប សុភ័ក្រ្ត ជាទូតសុច្ឆនៈអង្គការផ្កាយសមុទ្រ កញ្ញា Shannon Moloney ជាគ្រូបង្វឹកជាន់ខ្ពស់ផ្នែកអភិវឌ្ឍបាល់ទាត់អន្តរជាតិរបស់ក្លឹបបាល់ទាត់ Tottenham Hotspur Football Club ។

អ្នកស្រី ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រ (ISF) បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Youth League ជាការប្រកួតបាល់ទាត់ ថ្នាក់មូលដ្ឋានធំជាងគេបង្អស់ ផ្តល់ឱកាសដល់កុមារ និងយុវជនកម្ពុជាក្រីក្រ ឲ្យលេងកីឡាក្នុងបរិស្ថានមួយដ៏សុវត្ថិភាព ។ ដោយមានការប្តេជ្ញាចិត្ត ជួយកាត់បន្ថយភាពក្រីក្រ ដោយផ្តល់ឱកាស ស្មើរៗគ្នាដល់កុមារក្រីក្រ ឲ្យទទួលបានការអប់រំ សេវាថែទាំសុខភាព និងការលេងកីឡា អង្គការផ្កាយសមុទ្រជាអង្គការក្រៅរដ្ឋាភិបាលមួយ នៅកម្ពុជាបានធ្វើការរួមគ្នាជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិតដ៏ធំបំផុតមួយគឺក្រុមហ៊ុន AIA Cambodia ។ ភាពជាដៃគូមួយនេះ ត្រូវបានបង្កើតឡើងតាំង ពីឆ្នាំ២០១៧មកម្ល៉េះ ដោយអង្គការផ្កាយសមុទ្រ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia បានធ្វើការជាមួយគ្នាយ៉ាងសស្រាក់សស្រាំ ជួយឲ្យប្រជាជនកម្ពុជាមានសុខភាពល្អ និងរស់នៅល្អ ប្រសើរ ។

ព្រឹត្តិការណ៍បើកការប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Youth League នៅរាជធានីភ្នំពេញ ទទួលបានការចូលរួម ពីកីឡាករ-កីឡាការនីសរុបចំនួន ៧២ក្រុមក្រុមនីមួយៗ បានចូលរួមប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដណ្តើមយកជ័យលាភី។ អង្គការផ្កាយសមុទ្រ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia រំភើបរីករាយយ៉ាងខ្លាំង ក្នុងការប្រកាសជាព័ត៌មានថា ឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Youth League នឹងផ្តល់ឱកាសដល់កីឡាករ កីឡាការនី នៅទូទាំងប្រទេសកម្ពុជា សរុបជាង ១,៥០០ នាក់ក្នុងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ ។

ថ្ងៃអាទិត្យ ទី២៩ ខែមករា – ព្រឹត្តិការណ៍បើកការប្រកួតបាល់ទាត់កុមារ និងយុវជន នៅរាជធានីភ្នំពេញ ដែលមានកីឡាករកីឡាការនី ចំនួនសរុប ១,១៩៤នាក់ មកពី៧២ក្រុម ។ ថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ព្រឹត្តិការណ៍បើកការប្រកួតបាល់ទាត់កុមារ និងយុវជន នៅទីរួមខេត្តកំពង់ធំ ដែលមានកីឡាករកីឡាការនី ចំនួនសរុប ៣៦០នាក់ មកពី៣០ក្រុម ។ ក្រុម ដែលឈ្នះការប្រកួត នៅតាមបណ្តារាជធានី និងខេត្តផ្សេងៗតាមកម្រិត អាយុនិមួយៗ នឹងចូលរួមព្រឹត្តិការណ៍ ប្រកួតបាល់ទាត់កុមារ និងយុវជន វគ្គផ្តាច់ព្រ័ត្រ AIA-ISF Grand Championship ដែលនឹងប្រព្រឹត្តទៅ នៅខែឧសភាខាងមុខ ។

លោកស្រីបានបន្តថា ព្រឹត្តិការណ៍បើកការប្រកួតនាថ្ងៃអាទិត្យនេះ ទទួលបានការចូលរួម ពីក្រុមកីឡាករ-កីឡាការនីជាកុមារ និងយុវជន ដែលចែកជា ៦ក្រុមប្រភេទអាយុមានដូចជា ក្រុមកុមារា និងក្រុមកុមារីអាយុក្រោម១៤ឆ្នាំ ក្រុមកុមារា និងក្រុមកុមារីអាយុក្រោម១០ឆ្នាំ ក្រុមកុមារា អាយុក្រោម ១៦ឆ្នាំ និងកុមារីអាយុក្រោម១៨ឆ្នាំ ដែលក្រុមនីមួយៗនឹងប្រកួតយ៉ាងស្វាហាប់ដណ្តើមយកពានរង្វាន់៕ ដោយ៖លី ភីលីព

Most Popular

To Top