ខេត្តកំពង់ធំ៖កីឡាករ-កីឡាការនីជាកុមារ និងយុវជនសរុបចំនួន ៣៦០នាក់ មកពី៣០ក្រុមបានមកជួបជុំគ្នាយ៉ាងច្រើនកុះករនៅបរិវេណទីលានបាល់ទាត់ ហ្វុតសាលក្លឹបអាចារ្យលក្ខនៅទីរួមខេត្តកំពង់ធំចូលរួមព្រឹត្តិការណ៍ការប្រកួតបាល់ទាត់វិលជុំ កុមារ និងយុវជន AIA – ISF Youth League លើកទីពីរប្រចាំឆ្នាំនេះក្រោមការសហការរវាងអង្គការផ្កាយសមុទ្រ (ISF) និងក្រុមហ៊ុនធានា រ៉ាប់រងអាយុជីវិត AIA Cambodia ។ការប្រកួតនេះដោយមានការចូលរួមកុមារ និងយុវជន ជាកីឡាករ-កីឡាការនីបានបញ្ចេញសមត្ថភាពរបស់ខ្លួនយ៉ាងស្វាហាប់ និងអស់ពីកម្លាំងកាយចិត្តក្នុងការប្រកួតមិត្តភាពមួយនេះ ដោយទទួលបានការ ឧបត្ថម្ភគាំទ្រពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia អង្គការផ្កាយសមុទ្រគឺពិតជាមានមោទ នភាពក្រៃលែងដែលបាននាំយកភាពសប្បាយរីករាយ តាមរយៈការលេងកីឡាទៅដល់កុមារ និងយុវជន នៅទូទាំងប្រទេសកម្ពុជា ។ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League ជាការប្រកួតបាល់ទាត់វិលជុំថ្នាក់មូលដ្ឋានដ៏ធំបង្អស់មួយនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីការកកើតឡើងនៃកិច្ចសហការមួយនេះ ស្ថាប័នទាំង2នេះបានកត់សម្គាល់ឃើញថា ឱកាសចូលរួមប្រកួតប្រជែងក្នុងកីឡាគឺពិតជាកម្រខ្លាំងណាស់សម្រាប់កុមារ និងយុវជនកម្ពុជា ។
ដូច្នេះហើយទើបក្នុងឆ្នាំ២០២៣នេះ អង្គការផ្កាយសមុទ្រ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia រួមគ្នាពង្រីកវិសាលនៃការប្រកួតនេះក្នុងរាជធានីភ្នំពេញ និងខេត្តកំពង់ធំ ។ ដោយឡែក ការរៀបចំព្រឹត្តិការណ៍ប្រកួតនេះនៅតាមខេត្តនឹងផ្តល់ឱកាសដល់កីឡាករ កីឡាការនីជាង ១,៥០០នាក់ក្នុងការចូលរួមប្រកួតប្រជែង ដោយជួយកាត់បន្ថយការធ្វើដំណើរផ្លូវឆ្ងាយសម្រាប់ពួកគេ ។ ប្រធានការិយាល័យអប់រំកាយ និងកីឡា ខេត្តកំពង់ធំ លោក ឃឹម ស្រេង ក៏បានបន្ថែមថា ពួកយើងពិតជាសប្បាយរីករាយណាស់ ដែលអង្គការផ្កាយសមុទ្រកម្ពុជា និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia បានរៀបចំការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League នៅខេត្តយើងក្នុងឆ្នាំនេះ ដើម្បីផ្តល់ឱកាស ឲ្យកីឡាករកីឡាការនីឲ្យមកចូលរួមកាន់តែច្រើន ។ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់នេះបានជួយលើកទឹកចិត្តឲ្យកុមារ និងយុវជនចាប់ផ្តើមលេងកីឡា និងក្លាយជាពលរដ្ឋមានសុខភាពល្អទាំងផ្លូវចិត្ត និងកាយនាថ្ងៃអនាគត ដែលវាក៏ស្របទៅនឹងបេសកកម្មរបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ ។លោក ឡុច រ៉ែន ជា នាយកអភិវឌ្ឍន៍អាជីវកម្ម របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia ដែលមានវត្តមានក្នុងព្រឹត្តិការណ៍បើកការប្រកួតនេះក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់លោកថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជននៅខេត្តកំពង់ធំនឹងប្រព្រឹត្តទៅរយៈពេលប្រាំ បីសប្តាហ៍ជាប់គ្នា ។ ក្រុមឈ្នះក្នុងការប្រកួតនេះនឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតផ្តាច់ព្រ័ត្រ AIA – ISF Grand Championship League នៅថ្ងៃទី១១ ខែមិថុនានៅរាជធានីភ្នំពេញ៕ដោយ៖លី ភីលីព