ព័ត៌មានអន្តរជាតិ

អាមេរិក ​កៀងគរ​សម្ព័ន្ធមិត្ត ​ឱ្យ​ចូល​រួម​ជាមួយ​នឹង​ការ​បន្ទរ លើការ​គំរាម​កំហែង​របស់​ចិន

ប៉េកាំង៖ ភាពរំជើបរំជួលរបស់អាមេរិក បានកាន់តែធ្ងន់ធ្ងរឡើង បន្ទាប់ពីវាបានបាញ់ទម្លាក់វត្ថុ ហោះមិនស្គាល់អត្តសញ្ញាណចំនួន ៣បន្ថែមទៀត ចាប់តាំងពីការបាញ់ទម្លាក់បាឡុងស៊ីវិលរបស់ចិន ដោយទីក្រុងវ៉ាស៊ីនតោន បានចល័តសម្ព័ន្ធមិត្តរបស់ខ្លួន រួមមានប្រទេសជប៉ុន កូរ៉េខាងត្បូង និងអង្គការណាតូ ដើម្បីនិយាយរឿង “ការគំរាមកំហែងរបស់ចិន”។

ប៉ុន្តែ​អ្នកវិភាគ​ចិន​បានឲ្យដឹង​ថា កាលណា​អាមេរិក ​បន្ត​ការ​ញុះញង់​បែប​នេះ​យូរ​ជាង​នេះ ការ​សន្និដ្ឋាន​នេះ​កាន់តែ​អាម៉ាស់ ​សម្រាប់​ទង្វើ​ដែល​អាមេរិក ​បាន​រៀបចំ​ឡើង​នេះ។

លើកលែងតែបាឡុង​ស៊ីវិល​របស់​ចិន ​ដែល​បាន​បាញ់​ទម្លាក់​កាលពី​ថ្ងៃទី០​៤ កុម្ភៈ មិនទាន់​ដឹង​ប្រភព​នៃ​វត្ថុ ​៣​ផ្សេងទៀត​នៅឡើយ​ទេ​។ ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថា សេតវិមានកាលពីថ្ងៃចន្ទ បានការពារការបាញ់ទម្លាក់វត្ថុ មិនស្គាល់អត្តសញ្ញាណចំនួន៣ ខណៈទទួលស្គាល់ថា មន្ត្រីមិនមានការចង្អុលបង្ហាញថា វត្ថុទាំងនោះត្រូវបានបម្រុងទុក សម្រាប់ការឃ្លាំមើលនោះទេ។

អនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Mori Takeo និងអនុរដ្ឋមន្ត្រីការបរទេសទីមួយកូរ៉េខាងត្បូង លោក Cho Hyun-dong បានសម្តែងការគាំទ្រ ចំពោះការបាញ់ប្រហារ របស់សហរដ្ឋអាមេរិក បន្ទាប់ពីបានជួបជាមួយ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក Wendy Sherman កាលពីថ្ងៃចន្ទ ក្នុងទីក្រុងវ៉ាស៊ីនតោន ដែលជាផ្នែកនៃ “កិច្ចសន្ទនាត្រីភាគី”។

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានដកស្រង់សម្តីលោក Cho ថា “ក្នុងនាមជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក យើងជឿជាក់លើអ្វីដែលសហរដ្ឋអាមេរិក បាននិយាយជាផ្លូវការអំពីបញ្ហានេះ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The GlobalTime ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឡើកឡើងថា “យើងសង្ឃឹមថា ប្រទេសជប៉ុនមានគោលជំហរត្រឹមត្រូវ និងយុត្តិធម៌ ហើយនឹងមិនធ្វើតាមការបំផ្លើស របស់សហរដ្ឋអាមេរិកនោះទេ”។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃចន្ទថា ប្លុកនេះគួរតែមានការប្រុងប្រយ័ត្ន ចំពោះប្រទេសចិន និងសកម្មភាពឃ្លាំមើលរបស់រុស្ស៊ីផងដែរ ដោយលើកឡើងពីការបាញ់ទម្លាក់បាឡុង និងវត្ថុផ្សេងៗទៀតរបស់អាមេរិក៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top