ព័ត៌មានអន្តរជាតិ

ប្រទះឃើញសាកសព ត្រីបាឡែនដ៏ធំមួយ ងាប់អណ្តែតមកទើរ នៅឆ្នេរខ្សាច់ នៃដែនកោះបាលី

DENPASAR៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ថា អ្នកជំនាញខខាងសត្វ របស់ប្រទេសឥណ្ឌូណេស៊ី កំពុងរៀបចំនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីធ្វើការពិនិត្យសាកសព លើត្រីបាឡែនប្រវែង១៨ ម៉ែត្រ ដែលបានងាប់បន្ទាប់ពីបោកបក់ នៅទើរលើឆ្នេរខ្សាច់នៅលើកោះបាលី ។

ត្រីបាឡែននេះត្រូវបានគេជឿថា មានទម្ងន់រាប់តោន បានអណ្តែតមកទើរនៅឆ្នេរដោយខ្លួនឯងនៅភាគខាងកើតនៃកោះវិស្សមកាលកាលពីថ្ងៃពុធ មុនពេលអ្នកស្រុក និងមន្ត្រីបានរុញវាត្រឡប់ទៅសមុទ្រវិញ ។

ប៉ុន្តែបន្ទាប់ពីហែលទៅឆ្ងាយ វាបានជាប់គាំងម្តងទៀតនៅប៉ុន្មាន ម៉ោងក្រោយមកនៅលើឆ្នេរផ្សេង ហើយបានងាប់នៅលើច្រាំងដោយគ្មានរបួសអ្វីទេ ។ មន្ត្រីសមុទ្រ និងជលផលក្នុងស្រុក Permana Yudiarso បានប្រាប់ដល់ទីភ្នាក់ងារ AFP ។

គាត់បានឲ្យដឹងថា “យើងនៅតែស៊ើបអង្កេតមូលហេតុនៃការងាប់ ។ យើងចង់ទទួលបានការពន្យល់បែបវិទ្យាសាស្ត្រ ថាតើ វាដោយសារតែការបំពុល ឬប្លាស្ទិក” ។

ត្រីបាឡែន ដែលជាសត្វមំសាសីដ៏ធំបំផុតរបស់ពិភពលោក ត្រូវបានចុះបញ្ជីដោយសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិថា “ងាយរងគ្រោះ” ធ្វើឲ្យផុតពូជ ។

ក្រុមពេទ្យសត្វ និងអ្នកជំនាញផ្នែកកោសល្យវិច្ច័យ បានទៅដល់កន្លែងកើតហេតុ ដើម្បីស៊ើបអង្កេតមូលហេតុនៃការស្ងាប់របស់ត្រីបាឡែននេះ ហើយគ្រោងឆ្អឹងរបស់វានឹងត្រូវកប់នៅថ្ងៃខាងមុខ ។

លោក Yudiarso បានលើកឡើងថា “ថ្ងៃនេះ យើងនឹងធ្វើតេស្ដរកដុំសាច់ ហើយបន្ទាប់ពីនោះ យើងនឹងយកអេស្កាវ៉ាទ័រ ដើម្បីព្យាយាមកប់សាកសព នៅក្បែរនោះ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top