ខ្សែបម្រើប្រយុទ្ធ Kevin De Bruyne នៅបន្តមានរបួស ដែលការណ៍នេះធ្វើឲ្យកីឡាករ បែលហ្សិករូបនេះអាក់ខានលេង ២ ប្រកួតជាប់គ្នា។
De Bruyne បានរងរបួសជើងក្នុងអំឡុងពេលប្រកួតដែល Manchester City យកឈ្នះ Arsenal ៤-១ កាលពីពេលកន្លងទៅថ្មីៗនេះ។
តាំងពីពេលនោះមក ខ្សែបម្រើប្រយុទ្ធបានអវត្តមាន ក្នុងការប្រកួតជាមួយ Fulham និងចុងក្រោយជាមួយ West Ham កាលពីរំលងអាធ្រាត្រថ្ងៃនេះ។
អ្នកចាត់ការ Man City លោក Pep Guardiola បាននិយាយថា ជើងរបស់ De Bruyne អាចដើរវិញបានហើយ តែកីឡាកររូបនេះមិនបានមកចូលរួមហាត់ជាមួយក្រុមនៅឡើយទេនៅពេលនេះ។
អវត្តមានរបស់កីឡាករបង្គោល De Bruyne បានកើតឡើងស្របពេលដែល Man City ត្រូវត្រៀមខ្លួនទៅប៉ះជាមួយ Real Madrid ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UCL នាសប្ដាហ៍ក្រោយ ហើយក្លឹបក៏ស្ថិតក្នុងដំណាក់កាល ប្រជែងយ៉ាងស្វិតស្វាញជាមួយ Arsenal ដើម្បីដណ្ដើមពាន Premier League។
De Bruyne បានបន្តបង្ហាញទម្រង់លេងយ៉ាងល្អឲ្យ Man City ក្នុងរដូវកាលនេះ។
កីឡាករលេងជាង ៤០ ប្រកួត ហើយស៊ុតចូល ៩ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតចូលប្រមាណ ២០ ដង៕ ប្រភព៖Sabay