ព័ត៌មានអន្តរជាតិ

ទីបំផុត ! តុលាការកំពូល របស់ប៉ាគីស្ថាន អនុញ្ញតឲ្យលោក Khan អតីតនាយករដ្ឋមន្ត្រី នៅក្រៅឃុំ ក្រោយប្រកាសថា ការចាប់ខ្លួនខុសច្បាប់

ឥស្លាម៉ាបាដ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ថា លោក Imran Khan អតីតនាយករដ្ឋមន្ត្រី ប៉ាគីស្ថាន ត្រូវបានតុលាការកំពូល របស់ទីក្រុងឥស្លាម៉ាបាដ អនុញ្ញាត ឲ្យនៅក្រៅឃុំ នៅថ្ងៃសុក្រ បន្ទាប់ពីការចាប់ខ្លួន របស់គាត់ពីបទប្រព្រឹត្ត អំពើពុករលួយនៅក្នុងសប្តាហ៍នេះ បានបង្កឱ្យមានការប៉ះទង្គិចគ្នា យ៉ាងសាហាវ មុនពេលត្រូវបានប្រកាសថា ខុសច្បាប់ ។

ប៉ុន្តែ លោក Khan មិនត្រូវបានដោះលែងភ្លាមៗនោះទេ ហើយជំនួសមកវិញត្រូវឆ្លើយសំណួរបន្ថែមទៀត ។

មេធាវីរបស់លោក Khan គឺលោក Khawaja Harris បានប្រាប់ដល់អ្នកយកព័ត៌មានបន្ទាប់ពីនោះថា “តុលាការបានអនុញ្ញាតឱ្យលោក Imran Khan នៅក្រៅឃុំបណ្តោះអាសន្នរយៈពេល២សប្តាហ៍ ហើយបានបញ្ជាឱ្យអាជ្ញាធរមិនចាប់ខ្លួនគាត់នៅក្នុងសំណុំរឿងពុករលួយឡើយ” ។

គេបានដឹងថា លោក Khan ត្រូវបានកងទ័ពប៉ារ៉ាយោធា ចាប់ឃុំខ្លួននៅតុលាការកំពូលក្រុងឥស្លាម៉ាបាដកាលពីថ្ងៃអង្គារ ប៉ុន្តែក្រោយមកតុលាការកំពូល បានប្រកាសថា ការចាប់ខ្លួននេះមិនស្របច្បាប់ និងទាមទារឱ្យដំណើរ ការនេះត្រូវបាន “សើរើឡើងិវញ” ។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ លោកបានមកដល់ក្នុងក្បួនរថយន្ត ដែលមានសុវត្ថិភាព ហើយបានដើរចូលទៅក្នុងអគារដែលនៅអមដោយប៉ូលិស និងទាហានជាច្រើននាក់ ។

មេធាវីសម្រាប់គណបក្ស របស់គាត់បានប្រមូលផ្តុំគ្នា នៅមុខតុលាការមុនសវនាការហើយស្រែកថា “លោក Imran Khan អ្នកលះបង់របស់អ្នករាប់មិនអស់ទេ” ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសន្យាថា នឹងចាប់ខ្លួនលោក Khan ឡើងវិញ ដែលមានភាពច្របូកច្របល់ នៅក្នុងសំណុំរឿងផ្លូវច្បាប់មួយចំនួន ដែលជាគ្រោះថ្នាក់ញឹកញាប់ សម្រាប់ឥស្សរជនប្រឆាំងនៅក្នុងប្រទេសប៉ាគីស្ថាន ចាប់តាំងពីលោកត្រូវ បានបណ្តេញចេញពីអំណាចកាលពីខែមេសាឆ្នាំមុន និងបានចាប់ផ្តើមយុទ្ធនាការ ប្រឆាំងនឹងយោធា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top