វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធមន្ត្រីការពារជាតិ សហរដ្ឋអាមេរិក បានឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាស Patriot បច្ចេកវិទ្យាខ្ពស់ ដែលផ្តល់ឲ្យ អ៊ុយក្រែន បានរងការខូចខាត ប៉ុន្តែនៅតែដំណើរការបានធម្មតា ។
មន្ត្រីរូបនេះបានប្រាប់ ដល់ទីភ្នាក់ងារព័ត៌មាន AFP ថា “ប្រព័ន្ធ Patriot នៅតែដំណើរការ ” ហើយការខូចខាត ដែលបណ្តាលមកពីការបាញ់មីស៊ីល ដែលមិនបានបញ្ជាក់ច្បាស់លាស់ នៅជិតវា នៅតែត្រូវបានវាយតម្លៃថា ដំណើរការជាធម្មតា ។
អ៊ុយក្រែន បានជំរុញម្តង ហើយម្តងទៀត ឱ្យអ្នកគាំទ្ររបស់ខ្លួនផ្តល់ប្រព័ន្ធ Patriot ដើម្បីជួយការពារប្រឆាំង នឹងការវាយប្រហារ ដោយឥតឈប់ឈររបស់រុស្ស៊ី ដែលផ្តោតលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធ ហើយថ្មដែលខូចខាត គឺមានតែមួយក្នុងចំណោមពីរ ដែលត្រូវបានបញ្ជាក់ថា បានមកដល់ប្រទេសនេះហើយ ។
អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន លោក Yury Ignat បានឲ្យដឹងមុននេះថា “អ្វីៗគឺល្អជាមួយ Patriot” ប៉ុន្តែបានបដិសេធមិនបញ្ជាក់ ថាតើ ប្រព័ន្ធទំនើបនេះត្រូវបានខូចខាតឬយ៉ាងណា ។
លោក Ignat បានប្រាប់ដល់ទីភ្នាក់ងារ AFP ថា “ក្រុម Patriot កំពុងបម្រើការ” ។ “គ្រប់យ៉ាងគឺល្អ” ។
ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃអង្គារថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារប្រព័ន្ធ Patriot ក្នុងទីក្រុង គៀវ ជាមួយនឹងមីស៊ីល Kinzhal ដែលមានល្បឿនលឿនជាងសំឡេង ។
ទីក្រុង គៀវ បានប្រកាសថា ប្រព័ន្ធការការពារដែន អាកាសរបស់អ៊ុយក្រែន បានបាញ់ទម្លាក់មីស៊ីលល្បឿនលឿនជាងសំឡេងរបស់រុស្ស៊ីចំនួន៦គ្រាប់ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានច្រានចោលការអះអាងទាំងនោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា