Cristiano Ronaldo ចង់ចេញពីក្លឹបអារ៉ាប៊ីសាអ៊ូឌីត Al-Nassr ដើម្បីត្រលប់មកលេងនៅអឺរ៉ុបវិញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Mundo Deportivo។
បើតាមប្រភពដដែលRonaldo យល់ឃើញថាហេដ្ឋារចនាសម្ព័ន្ធសង្គមផ្សេងៗរបស់អារ៉ាប៊ីសាអ៊ូឌីតនៅមានកម្រិត ដែលជាកត្តាសំខាន់ក្នុងការចង់ចាកចេញពីក្លឹប Al-Nassr។ Mundo Deportivo បានលើកឡើងទៀតថា ខ្សែប្រយុទ្ធព័រទុយហ្គាល់វ័យ ៣៨ ឆ្នាំ ចង់ត្រលប់មកលេងនៅអឺរ៉ុបវិញ តែក៏មិនទាត់ចោលដែរចំពោះជម្រើសផ្សេងៗទៀតក្រៅពីអឺរ៉ុប។
ទោះជាយ៉ាងណា គិតមកទល់ពេលនេះ មិនទាន់មានសេចក្ដីរាយការណ៍ណាមួយដែលអាចអះអាងថាក្លឹបណានៅអឺរ៉ុប ឬក្រៅអឺរ៉ុប ដែល Ronaldo ចង់ទៅរួមរស់ជាមួយបន្ទាប់ពីចេញពី Al-Nassr។
Ronaldo បានបញ្ចប់កុងត្រាជាមួយ Manchester United កាលពីខែវិច្ឆិកា ឆ្នាំមុន។ មួយខែក្រោយមក កីឡាករបានសម្រេចមកចូលរួមជាមួយក្លឹបអារ៉ាប៊ីសាអ៊ូឌីតដែលទទួលបានកុងត្រារយៈពេល ២ ឆ្នាំជាមួយនឹងទំហំទឹកប្រាក់ពលកម្មដល់ទៅ ២១៥ លានដុល្លារសហរដ្ឋអាមេរិក។
Ronaldo លេងឲ្យ Al-Nassr បាន ១៧ ប្រកួត និងស៊ុតចូល ១៣ គ្រាប់ គិតមកទល់ពេលនេះ៕