ភ្នំពេញ៖ កីឡាករ-កីឡាការិនីការ៉ាតេដូ សូតូកង់ ៥៥ នាក់ របស់សាលាគុនសុរិយា ការ៉ាតេ-ដូ សូតូកង់ ទទួលសញ្ញាប័ត្រ ថ្នាក់ដាន់ជំនាន់ទី ៤៦ ដោយមានការអញ្ជើញ ចូលរួមប្រគល់ ជូនពីសំណាក់លោក ឡាច ច័ន្ទដារ៉ា នាយកសាលាគុន សុរិយា ការ៉ាតេ-ដូ នៅនៅមជ្ឈមណ្ឌល កីឡាយុទ្ធសិល្ប៍ បុរាណកម្ពុជា-ជប៉ុន ក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិកកម្ពុជាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ។
លោក ឡាច ច័ន្ទដារ៉ា នាយកសាលាគុនសុរិយា ការ៉ាតេ-ដូ បានមានប្រសាសន៍ថា ក្លិបការ៉ាតេ-ដូ សុរិយា ឮមានន័យថា “ព្រះអាទិត្យ” ដែលមានឈ្មោះ ល្បីល្បាញ យូរលង់ណាស់មកហើយ ជាពិសេសគ្រូការ៉ាតេ ជាច្រើននៅកម្ពុជា ភាគច្រើន គឺជាសិស្ស នៃក្លិបសុរិយា ។ ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏ខ្មៅងងឹត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ បានដួលរលំទៅ ឧត្ដមការ៉ាតេចារ្យ ឡាច ច័ន្ទសុវណ្ណ បានលះបង់ និងចំណាយពេញមួយជីវិត ដើម្បីចូលរួមអភិវឌ្ឍន៍ កីឡាការ៉ាតេ-ដូ កម្ពុជា ។
លោកបានប្រមូល យុវជនក្មេងៗមកធ្វើការហ្វឹកហាត់កីឡាការ៉ាតេ-ដូ “ស្ទីលហ្គិនស៊ីរីយូ” នៅថ្ងៃ ទី២០ ខែកញ្ញា ឆ្នាំ១៩៨២ នៅក្លិបក្បាលមាន់ចែ ក្រោយមកដោយមានការរារាំង រករឿងមិនឲ្យមានការប្រមូល ផ្ដុំហ្វឹកហាត់ពីសំណាក់ អាជ្ញាធរមូលដ្ឋាន ដូច្នេះក្លិបក៏មានការផ្លាស់ប្ដូរជាញឹកញ៉ាប់ នាសម័យនោះ ។ លុះមកដល់ ឆ្នាំ១៩៩០ ដោយមានការចុះកិច្ចព្រមព្រៀង នៅទីក្រុងប៉ារីស ដូច្នេះ ការ៉ាតេក៏ត្រូវបាន ទទួលស្គាល់ជាថ្មីឡើងវិញ ដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
លោកគ្រូបានបន្តថា ដោយមានការរីកចម្រើនឥតឈប់ឈរ ការ៉ាតបានធ្វើទំនើបកម្មបច្ចេកទេស ដើម្បីឱ្យស្មើមុខស្មើមាត់ នឹងប្រទេសក្នុងតំបន់ លោកគ្រូ ឡាច ច័ន្ទដារ៉ា បានទទួលការណែនាំបន្ត ពីឧត្ដមការ៉ាតេ ចារ្យ ឡាច ច័ន្ទសុវណ្ណ ហើយបានខិតខំហ្វឹកហាត់ ប្រឹក ប្រែងជំនះគ្រប់ឧបសគ្គ ចំណាយពេល វេលាអស់ជាងសែសិបឆ្នាំ និងធនធានផ្ទាល់ខ្លួនជាច្រើន ដើម្បីអភិវឌ្ឍន៍ ក្លិបសុរិយាឲ្យបានក្លាយខ្លួន ជាសាលាគុន សុរិយា ការ៉ាតេ-ដូ សូតូកង់ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១១ មានហេដ្ឋារចនាសម្ព័ន្ធហ្វឹកហាត់សមរម្យដល់សិស្សគុន និងមានការទទួលស្គាល់ពីសហព័ន្ធដែលមានលិខិត លេខ០០៧/២០១២ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១២ មានទីតាំងនៅភូមិសន្សំកុសល៥ សង្កាត់បឹង ទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
នាយកសាលា គុនសុរិយា ការ៉ាតេ-ដូ បានបន្តថា មកដល់បច្ចុប្បន្ន មានសិស្ស ជាច្រើន មានសក្តានុពលរហូត ដល់បានសាងស្នាដៃ ជាប្រវត្តិសាស្ត្រ ក្នុងព្រឹត្តិការណ៍ កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២៣ ដែលមានកីឡាករ ជ្រុន វិរៈបុត្រ ចូលរួមប្រកួតវិញ្ញាសាប្រយុទ្ធទម្ងន់ ៦៧គក ដណ្តើមបានមេដាយមាស និងកីឡាករ ឆេង ច័ន្ទដារ៉ារតនៈ ប្រកួតវិញ្ញាសាសម្តែង បុរសជាក្រុម ដណ្តើមបាន មេដាយសំរិទ្ធ ជាប្រវត្តិសាស្ត្រក្នុងរយៈពេល ៦៤ឆ្នាំ ដែលការ៉ាតេកម្ពុជាធ្វើបាន កីឡារស់ក្នុងសន្តិភាព៕