បរទេស ៖ ថ្លែងនៅក្នុងបទសំភាស ជាមួយនឹងក្រុមអ្នកកាសែត អាល្លឺម៉ង់ លោករដ្ឋមន្ត្រីការបរទេស Dmitry Kuleba បានលើកឡើងថា ការអញ្ជើញរដ្ឋាភិបាល ក្រុងគៀវ ចូលជាសមាជិក របស់អង្គការណាតូ ជាផ្លូវការនោះនឹងអាចបង្កើត ឲ្យមានសន្តិភាពពាស ពេញអឺរ៉ុបជាមិនខាន។
យោងតាមការចេញផ្សាយ របស់ RT លោក Kuleba បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានរបស់ Tagesschau ទៀតថា រដ្ឋាភិបាលក្រុងគៀវ ធ្លាប់បានទទួលការសន្យាថា នឹងអាចចូលរួមជាសមាជិក នៅក្នុងឆ្នាំ២០០៨ប៉ុន្តែអាល្លឺម៉ង់ និងសមាជិកអឺរ៉ុបផ្សេងទៀត បែរជាពន្យាពេលទៅវិញ។
លោកបានបន្តទៀតដែរថា ទោះបីជាយ៉ាងណាក្តីកិច្ចប្រជុំកំពូល របស់អង្គការណាតូនៅក្នុងទីក្រុង Vilnius ប្រទេសលីទុយនេស៊ី នឹងក្លាយទៅជាពេលវេលា ដ៏ត្រឹមត្រូវមួយសម្រាប់អឺរ៉ុប ក្នុងការកែប្រែកំហុសមួយនេះ និងដាក់បញ្ចូល អ៊ុយក្រែន ជាសមាជិកណាតូពេញសិទ្ធ។
លោកបន្ថែមថា យើងពេញចិត្ត ចំពោះអ្វីគ្រប់យ៉ាងដែលអាល្លឺម៉ង់ និង អាមេរិកកំពុងធ្វើ សម្រាប់អ៊ុយក្រែន ដើម្បីគាំទ្រយើង ក្នុងសង្គ្រាមនេះ ប៉ុន្តែមិនយល់ស្រប ជាមួយទីក្រុងប៊ែរឡាំង ដែលថាការអញ្ជើញចូល ទៅក្នុងអង្គការណាតូ នឹងអូសលោកខាងលិចចូលទៅក្នុង សង្រ្គាមបើកចំហជាមួយរុស្ស៊ី ៕
ប្រែសម្រួល៖ស៊ុនលី
ប្រភព ៖ AFP