ភ្នំពេញ៖ កីឡាករ-កីឡាការិនីទាញព្រ័ត្រខេត្តបាត់ដំបងដែលជាក្រុមជើងខ្លាំង ដោយគ្មានក្រុមណាអាចបំបែកកំណត់ត្របានឡើយ ចំពោះការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ ក្រុមអត្តពលិកទាញព្រ័ត្រខេត្តនេះនៅតែរក្សាតំណែងជើងឯកទំាង ២ វិញ្ញាសាដដែល គឺវិញ្ញាសា ៨ទល់៨នាក់បុរស និងនារី។
នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ នៅរង្វង់នាងទេពមច្ឆា រាជធានីភ្នំពេញដោយមានការអញ្ជើញចូលរួមពិធីបិទការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ ជាផ្លូវការពីសំណាក់លោកបណ្ឌិត មាស សារិន ទីប្រឹក្សាផ្ទាល់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា និងោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា។
លោក ចាប រតនា អគ្គលេខាធិការសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បាននិយាយថា យោងតាមកម្មវិធីប្រកួតប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រោមគម្រោងថវិកាគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡាក្នុងការពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ ក្នុងនោះសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា រៀបចំការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ នៅ រង្វង់មូលសុវណ្ណមច្ឆា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តិទៅនាពេលបន្តិចទៀតនេះ ។
ឆ្លងតាមការប្រកួតដោយស្មារតីយកចិត្តទុកដាក់ខិតខំប្រឹងប្រែងប្រើអស់ពីសមត្ថភាព បច្ចេកទេស និងអនុវត្តបានល្អនូវស្មារតី សាមគ្គីភាព មិត្តភាព ព្រមទាំងអនុវត្តបានយ៉ាងល្អ នូវគោលការណ៍លេងដោយយុត្តិធម៌ (Fair Play) ផងនោះ លទ្ធផលបច្ចេកទេសប្រកួតរយៈពេល ០៤ថ្ងៃ កន្លងមកនេះ គណៈកម្មការរៀបចំការប្រកួត និងប្រកាសជូនពេលចែករង្វាន់ជ័យលាភីនាពេលបន្តិចទៀតនេះ ។
លោកអគ្គលេខាធិការបានបន្តថា ការប្រកួតសមាគម និងក្លិបចូលរួមចំនួន ១២ រួមមានសមាគមកីឡាទាញព្រ័ត្រ ខេត្តកណ្តាល សមាគមកីឡាទាញព្រ័ត្រ ខេត្តកំពត សមាគមកីឡាទាញព្រ័ត្រ ក្រសួងមហាផ្ទៃ សមាគមកីឡាទាញព្រ័ត្រ ខេត្តបាត់ដំបង សមាគមកីឡាទាញព្រ័ត្រ ខេត្តកំពង់ចាម សមាគមកីឡាទាញព្រ័ត្រ ខេត្តស្វាយរៀង សមាគមកីឡាទាញព្រ័ត្រ រាជធានីភ្នំពេញ សមាគមកីឡាទាញព្រ័ត្រ ខេត្តកំពង់ឆ្នាំង សមាគមកីឡាទាញព្រ័ត្រ ខេត្តក្រចេះ សមាគមកីឡាទាញព្រ័ត្រ ខេត្តត្បួងឃ្មុំ សមាគមកីឡាទាញព្រ័ត្រមជ្ឈមណ្ឌល ខ.ភ.ម និង សមាគមកីឡាទាញព្រ័ត្រ បញ្ជាការដ្ឋានកងទ័ពជើងទឹក ។
ប្រតិភូ គ្រូបង្វឹក ចំនួន ៣៣ នាក់ ឡាករចំនួន១៣៣ នាក់ កីឡាការិនី ចំនួន ៧៣ នាក់ សរុបទាំងអស់ចំនួន ចំនួន ២៤៤ នាក់។ ប្រកួតវិញ្ញាសាមាន ចំនួន ៤វិញ្ញាសា ៖ វិញ្ញាសា ៨នាក់ ទល់ ៨នាក់ ផ្នែកបុរស ទម្ងន់ ៦០០គីឡូក្រោម វិញ្ញាសា ៨នាក់ ទល់ ៨នាក់ ផ្នែកនារី ទម្ងន់ ៥០០គីឡូក្រោម វិញ្ញាសា ៤នាក់ ទល់ ៤នាក់ ផ្នែកបុរស ទម្ងន់ ៣០០គីឡូក្រោម វិញ្ញាសា ៤នាក់ ទល់ ៤នាក់ ផ្នែកនារី ទម្ងន់ ២៥០គីឡូក្រោម៕ ដោយ៖លី ភីលីព