កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ នៅថ្ងៃអង្គារនេះថា មានមនុស្សជាង៣.០០០នាក់ បានទៅទស្សនាឆ្នេរសមុទ្រ សិប្បនិមិត្ត ដែលបានសាងសង់ នៅទីក្រុង Port City Colombo នៅក្នុងរយៈពេល២ថ្ងៃ ដំបូងចាប់តាំងពីការបើកដំណើរ ការកាលពីថ្ងៃសៅរ៍មក ។
សារព័ត៌មានរដ្ឋ បានរាយការណ៍ឲ្យដឹងថា នេះជាឆ្នេរសមុទ្រសិប្បនិមិត្តដំបូងគេបង្អស់ ដែលត្រូវបានសាងសង់ឡើង ក្នុងប្រទេសស្រីលង្កា ហើយភ្ញៀវទេសចរអាចចូល ឆ្នេរនេះដោយមិនគិតថ្លៃ ។
សារព័ត៌មាន Daily News បានរាយការណ៍ថា តូបលក់អាហារ ដែលមានម្ហូបនៅក្នុងស្រុក និងបរទេស និងឧបករណ៍សម្រាប់ហែលទឹក និងកីឡាទឹកនៅលើឆ្នេរសមុទ្រ សិប្បនិម្មិតនេះផងដែរ ។
លាតសន្ធឹងលើផ្ទៃដី២៦៩ហិកតានៃដីដែលបានយកមកវិញពីសមុទ្រ ទីក្រុង Port City Colombo នឹងមានតំបន់ចំនួន៥ រួមមានសង្កាត់ហិរញ្ញវត្ថុ Central Park Living, Island Living, Marina និងកោះ International ផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា