មូស្គូ ៖ នេះបើតាមវិទ្យាស្ថានស្រាវជ្រាវ តំបន់អាក់ទិក និងអង់តាក់ទិក (AARI) របស់រុស្ស៊ីកាលពីថ្ងៃចន្ទ បាននិយាយថា អ្នកវិទ្យាសាស្ត្ររុស្ស៊ី បានទទួលជោគជ័យក្នុងការដាំឪឡឹក នៅកន្លែងត្រជាក់បំផុត នៅលើភពផែនដី ស្ថិតនៅស្ថានីយអង់តាក់ទិក Vostok ដោយប្រើបច្ចេកវិទ្យា Panoponics ឬគ្មានដី យោងតាមការចេញ ផ្សាយពីគេហទំព័រ Sputnik ។
AARI បាននិយាយក្នុង សេចក្តីថ្លែងការណ៍មួយថា អ្នកវិទ្យាសាស្ត្រ នៃបេសកកម្មអង់តាក់ទិករុស្ស៊ី លើកទី ៦៨ នៃវិទ្យាស្ថានស្រាវជ្រាវអាកទិក និងអង់តាក់ទិក រួមជាមួយនឹងសហការី របស់ពួកគេ មកពីវិទ្យាស្ថាន ស្រាវជ្រាវកសិកម្ម និងវិទ្យាស្ថាន សម្រាប់បញ្ហាជីវវេជ្ជសាស្ត្រ នៃបណ្ឌិត្យសភា វិទ្យាសាស្ត្ររុស្ស៊ី បានបញ្ចប់ ដោយជោគជ័យ នូវការពិសោធន៍ដំបូង លើការដាំដុះឪឡឹក នៅស្ថានីយអង់តាក់ទិក។ Vostok ជាកន្លែងត្រជាក់បំផុត នៅលើផែនដី ។
អ្នករុករកតំបន់ប៉ូល អាចដាំឪឡឹកឡើងទុំ និងមានរសជាតិផ្អែមចំនួន ៨ ផ្លែក្នុងរយៈពេល ១០៣ថ្ងៃ ដោយប្រើបច្ចេកវិទ្យាគ្មានដី របស់ Panoponics ។ លោក Alexander Makarov នាយក AARI បាននិយាយថា ក្រៅពីចំណាប់អារម្មណ៍ផ្នែកវិទ្យាសាស្ត្រ និងអត្ថប្រយោជន៍ជាក់ស្តែងផ្ទាល់ ក្នុងទម្រង់ជាបន្លែស្រស់ ផ្លែបឺរី និងឱសថ គម្រោងរួមគ្នារបស់យើងមាន អត្ថប្រយោជន៍បន្ថែមសំខាន់ៗមួយចំនួន ។
ផ្ទះកញ្ចក់ នៅស្ថានីយ៍ មានឥទ្ធិពលវិជ្ជមាន ទៅលើស្ថានភាពអារម្មណ៍ របស់អ្នករុករកតំបន់ប៉ូល ដោយចំណាយពេលជាច្រើន ខែជាក្រុមដាច់ ស្រយាលក្នុងលក្ខខណ្ឌ នៃរាត្រីប៉ូល សីតុណ្ហភាពទាប និង កន្លែងរស់នៅមានកំណត់។ វិទ្យាស្ថានក៏បានប្រកាស សម្រាប់ផែនការដើម្បីអនុវត្តបច្ចេកវិទ្យា នៃការដាំដុះដំណាំផ្សេងៗទៀតដូចជា ផ្លែបឺរី ផ្លែប៊្លូបឺរី និងផ្លែស្ត្របឺរីនៅតំបន់អង់តាក់ទិកនេះ ៕
ដោយ៖លី ភីលីព