ព័ត៌មានអន្តរជាតិ

អាជ្ញាធរហ្វាំងឡង់ បញ្ជាឲ្យសម្លាប់ សត្វសំពោច នៅក្នុងកសិដ្ឋានមួយ ដើម្បីទប់ស្កាត់ការ ឆ្លងរាលដាលជំងឺ ផ្តាសាយបក្សី

HELSINKI៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារអាជ្ញាធរ ទទួលបន្ទុកកិច្ចការចំណី អាហាររបស់ប្រទេសហ្វាំងឡង់ បានបញ្ជាឱ្យសម្លាប់សត្វសំពោច ទាំងអស់ នៅក្នុងកសិដ្ឋានចិញ្ចឹមសត្វមួយ កន្លែងនៅក្នុងប្រទេសហ្វាំងឡង់ ដែលជាកន្លែង ដែលមានការឆ្លងជំងឺផ្តាសាយបក្សី ។ ទន្ទឹមនឹងនេះដែរ ការសម្លាប់សត្វកញ្ជ្រោង និងសត្វឆ្កែ នៅតែស្ថិតក្នុងការពិចារណាផងដែរ ។

អាជ្ញាធរខាងលើបានគូសបញ្ជាក់ថា សត្វមច្ឆាអាចចម្លងជំងឺផ្តាសាយបក្សី មកមនុស្សបាន ដោយសារពួកសត្វទាំងនោះ មានមានផ្ទុកមេរោគនៅក្នុងផ្លូវដង្ហើម ដែលអាចផ្ទុកបានទាំងវីរុស ផ្តាសាយបក្សី និងបង្កជំងឺដល់មនុស្ស ។

លោក Terhi Laaksonen ប្រធានអាជ្ញាធរ ទទួលបន្ទុក ចំណីអាហារ បានប៉ាន់ប្រមាណថា យ៉ាងហោចណាស់សត្វ សំពោចចំនួន ៧០.០០០ក្បាលនឹងត្រូវបានសម្លាប់ចោល ។ ទោះជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការប៉ាន់ស្មានជាលើកដំបូងប៉ុណ្ណោះ ព្រោះរហូតមកដល់ពេលនេះ អ្នកត្រួតពិនិត្យបានទៅពិនិត្យមើលកសិដ្ឋាន ចិញ្ចឹមសត្វត្រឹមតែ៣កន្លែងប៉ុណ្ណោះ។

យោងតាមទូរទស្សន៍ជាតិ Yle បានផ្សព្វផ្សាយឱ្យដឹងថា ជំងឺផ្តាសាយបក្សីត្រូវបានរកឃើញនៅក្នុងកសិដ្ឋានចិញ្ចឹមសត្វចំនួន ២០កន្លែងនៅក្នុងប្រទេស ហ្វាំងឡង់ ដែលក្នុងនោះ ៣កន្លែងមានចិញ្ចឹមសត្វសំពោច ។ បច្ចុប្បន្ន អាជ្ញាធរទទួលបន្ទុកចំណី អាហារកំពុងស៊ើបអង្កេតកសិដ្ឋាន ចំនួន៤បន្ថែមទៀត ដែលមួយក្នុងចំណោមនោះមានការចិញ្ចឹមសំពោច ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top