ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទបានមានប្រសាសន៍ថា លោកសូមកោតសរសើ និងវាយតម្លៃខ្ពស់ដល់លោក តែម ម៉ឺន នាពេលកន្លងមកដែលបានសាងស្នាដៃ អភិវឌ្ឈន៍វិស័យកីឡារបស់កងយោធពលខេមរភូមិន្ទឲ្យមានការរីកចម្រើនមកដល់ពេលបច្ចុប្បន្ននេះ។
ការលើកនេះរបស់លោកនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង ក្នុងឳកាសកិច្ចប្រជុំ និងប្រគល់ភារកិច្ចជូន លោកឧត្តមសេនីយ៍ត្រី ខូវ ឆាយ ជានាយកមជ្ឈមណ្ឌលកីឡាកងយោធថ្មីជំនួសលោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការនៃក្រសួងការពារជាតិនៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទនាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣២។
ជាមួយគ្នានេះផងដែរ លោកក៏បានណែនាំដល់លោកឧត្តមសេនីយ៍ត្រី ខូវ ឆាយ ត្រូវមកកាន់ដំណែង ជំនួសលោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ត្រូវធ្វើយ៉ាងណា ខិតខំធ្វើកិច្ចការងារ បន្តការអភិវឌ្ឍន៍ វិស័យកីឡាររបស់កងយោធពលខេមរភូមិន្ទ ឲ្យកាន់តែរីកចម្រើនទៅមុខបន្ថែម បន្តស្វែងរកការគាំទ្រពីមជ្ឈដ្ឋានខាងក្រៅ ព្រមទាំងរក្សាបាននូវសាមគ្គីភាពមើលថែទាំ គ្រប់ប្រភេទកីឡាទាំងអស់របស់មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ដើម្បីត្រៀមសម្រាប់ការប្រកួតនានា និងត្រៀមចូលរួមជាមួយក្រុមជ្រើសជាតិទៅតាមប្រភេទកីឡានីមួយៗ នៅពេលជម្រើសជាតិត្រូវការជាចាំបាច់។
ក្រោយពីបានបញ្ចប់ពិធីផ្ទេរ ប្រគល់ភារកិច្ច លោកនាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ បានចុះត្រួតពិនិត្យ ការងារជួសជុល និងសាងសង់ហេដ្ឋារចនាសម្ព័ននានារបស់មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)៕
ដោយ៖លី ភីលីព