វ៉ាស៊ីនតោន ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្រមព្រៀងគ្នា លើផែនការអភិវឌ្ឍមីស៊ីលប្រភេទថ្មី ដែលអាចស្ទាក់ចាប់អាវុធលឿនជាងសំឡេង នៅពេលពួកគេជួបគ្នានៅជិតទីក្រុងវ៉ាស៊ីនតោន សម្រាប់កិច្ចពិភាក្សាមួយទល់នឹងមួយ។
លោក គីស៊ីដា និងលោក បៃដិន បានគាំទ្រផែនការអភិវឌ្ឍន៍រួមគ្នានៅជំរុំប្រធានាធិបតីអាមេរិក Camp David នៅពេលដែលប្រទេសចិន កូរ៉េខាងជើង និងរុស្ស៊ី កំពុងស្វែងរកយ៉ាងខ្លាំងនូវសមត្ថភាពមីស៊ីលលឿនជាងសំឡេងរបស់ខ្លួន នេះបើយោងតាមសេតវិមាន និងរដ្ឋាភិបាលជប៉ុន។
មីស៊ីលលឿនជាងសំឡេង និងយានជំនិះហោះក្នុងល្បឿនលើសពី Mach 5 ដែលល្បឿនលឿនជាងសំឡេង ៥ដង។ ពួកគេក៏អាចបត់បែនបាន និងអាចផ្លាស់ប្តូរផ្លូវក្នុងអំឡុងពេលហោះហើរ ដែលធ្វើឱ្យពួកគេពិបាកក្នុងការបាញ់ទម្លាក់ ឬតាមដានដោយរ៉ាដា។
យោងតាមក្រសួងការពារជាតិជប៉ុន ប្រទេសទាំងពីរមានបំណង បញ្ចប់ការអភិវឌ្ឍន៍មីស៊ីលនៅទសវត្សរ៍ឆ្នាំ២០៣០ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។
លោក គីស៊ីដា និងលោក បៃដិន បានទទួលស្គាល់តម្រូវការ ក្នុងការបង្កើនវិធានការទប់ស្កាត់ ចំពេលមានការកើនឡើងនូវបញ្ហាប្រឈមផ្នែកសន្តិសុខ។ ប្រទេសចិន និងរុស្ស៊ី បាននិងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការយោធា របស់ពួកគេ រួមទាំងការធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នាជុំវិញប្រទេសជប៉ុន ខណៈដែលកូរ៉េខាងជើង មិនបង្ហាញសញ្ញា នៃការថយក្រោយក្នុងការស្វែងរកបច្ចេកវិទ្យាមីស៊ីល និងនុយក្លេអ៊ែរ រយៈចម្ងាយឆ្ងាយរបស់ខ្លួនឡើយ៕
ប្រែសម្រួល ឈូក បូរ៉ា